យានចម្លងស្តារស៊ីបដ៏ធំរបស់ SpaceX ចុះចតក្នុងទីតាំងបាញ់បង្ហោះវិញ ដោយជោគជ័យ

ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX) ក្នុងការហោះហើរសាកល្បងយានស្តារស៊ីប (Starship) លើកទីប្រាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១៣ តុលា) បានមើលឃើញ យានចម្លងដំណាក់កាលទី១ដ៏ធំចុះចតត្រឡប់ទៅទីតាំងបាញ់បង្ហោះនៅរដ្ឋ តិចសាស់ (Texas) របស់ខ្លួនវិញដោយជោគជ័យជាលើកដំបូង ដោយប្រើដៃម៉ាស៊ីនខ្នាតយក្សសម្រាប់ចាប់យាន ដែលជាការសម្រេចបាននូវស្នាដៃវិស្វកម្មប្រវត្តិសាស្រ្តមួយទៀតក្នុងកិច្ចប្រឹងប្រែងរបស់ SpaceX ក្នុងការសាងសង់យានទៅកាន់ឋានព្រះចន្ទ និងភពព្រះអង្គារ ដែលអាចប្រើប្រាស់ឡើងវិញបាន។

យានចម្លង “ស៊ុបភើ ហេវវី” (Super Heavy) ដំណាក់កាលទី១ នេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៧:២៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ពីទីតាំងបាញ់បង្ហោះ បូកា ឈីកា (Boca Chica) រដ្ឋ តិចសាស់ របស់ SpaceX ដោយបញ្ជូនយានចម្លងដំណាក់កាលទី២របស់ Starship ទៅកាន់លំហ មុនពេលបំបែកខ្លួននៅរយៈកម្ពស់ប្រហែល ៧០គីឡូម៉ែត្រ ដើម្បីចាប់ផ្តើមការត្រលប់មកផែនដីវិញ ដែលជាផ្នែកដ៏គ្រោះថ្នាក់បំផុតនៃការហោះហើរសាកល្បង។

យានកម្ពស់ ៧១ម៉ែត្រ Super Heavy នេះ បានបញ្ឆេះម៉ាស៊ីន រ៉េបទ័រ (Raptor) ចំនួន៣ ក្នុងចំណោមម៉ាស៊ីនជំរុញ៣៣ របស់ខ្លួនឡើងវិញ ដើម្បីបន្ថយល្បឿនត្រឡប់ទៅកន្លែងបាញ់បង្ហោះរបស់ SpaceX ខណៈកំណត់គោលដៅចុះចតវិញលើបន្ទះ និងបង្គោល ដែលយាននេះត្រូវបានបង្ហោះចេញ។ បង្គោល ដែលបំពាក់ដោយដៃម៉ាស៊ីនដ៏ធំចំនួនពីរនៅខាងលើ បានចាប់យាន Super Heavy ដែលចុះចតមកវិញដោយជោគជ័យ។

នាយកប្រតិបត្តិ លោក អ៊ីឡុន ម៉ាស (Elon Musk) បានបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីការធ្វើតេស្តនោះថា «បង្គោលបាញ់បង្ហោះចាប់បានយានមកវិញហើយ!!»។ ក្រុមវិស្វករ SpaceX ដែលកំពុងមើលការផ្សាយផ្ទាល់របស់ក្រុមហ៊ុន បានស្រែកហ៊ោអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ។ វិធីសាស្ត្រចាប់យានចុះចតវិញដ៏ប្រវត្តិសាស្រ្ត បានបង្ហាញពីភាពជឿនលឿនចុងក្រោយបំផុតនៅក្នុងយុទ្ធនាការអភិវឌ្ឍន៍របស់ SpaceX លើយានជំរុញដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានបង្កើតឡើងដើម្បីផ្ទុកទំនិញកាន់តែច្រើនឡើងទៅកាន់គន្លងលំហ ដឹកមនុស្សទៅកាន់ឋានព្រះចន្ទ ហើយអាចនឹងទៅដល់ភពព្រះអង្គារ ដែលជាគោលដៅរំពឹងទុកចុងក្រោយរបស់លោក Elon Musk ៕

CATEGORIES
Share This