អ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហេបូឡា នៅជិតប៉ុស្តិ៍UN នៅភាគខាងត្បូងលីបង់
កងទ័ពអ៊ីស្រាអែល បាននាំអ្នកសារព័ត៌មានទៅពិនិត្យមើលអ្វីដែលពួកគេនិយាយថា ជាច្រកផ្លូវរូងក្រោមដីរបស់ហេសបូឡា មានចម្ងាយប្រហែល២០០ម៉ែត្រ ពីប៉ុស្តិ៍យាមរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា។ ឧត្តមសេនីយ លោក Yiftach Norkin បានប្រាប់អ្នកសាថព័ត៌មានថា រចនាសម្ព័ន្ធនេះ ត្រូវបានសាងសង់ដោយក្រុមហេសបូឡា គឺ «ប្រឆាំងនឹងគ្រប់ផ្នែកនៃសេចក្តីសម្រេចលេខ១៧០១ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ហើយតាមពិត យើងកំពុងឈរនៅក្នុងមូលដ្ឋានយោធារបស់ក្រុមហេសបូឡា ដែលនៅក្បែរបំផុតទៅនឹងអង្គការសហប្រជាជាតិ។
ដំណើរចុះពិនិត្យមើលនេះ ក៏រួមបញ្ចូលផងដែរនូវការបង្ហាញពីគ្រាប់រំសេវ និងអ្វីដែលយោធាអ៊ីស្រាអែល និយាយថា គឺជាឧបករណ៍បំផ្ទុះដែលផលិតដោយអ៊ីរ៉ង់ (IED) ត្រូវបានរៀបចំដើម្បីបំផ្ទុះនៅច្រកទ្វារ និងអនុញ្ញាតឱ្យកងកម្លាំងហេសបូឡា ចូលទៅអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារ។
អង្គការសហប្រជាជាតិ និយាយថា រថក្រោះ Merkava របស់អ៊ីស្រាអែលចំនួនពីរគ្រឿង បានបំផ្លាញច្រកទ្វារធំនៅមូលដ្ឋានរបស់កងកម្លាំងរក្សាសន្តិភាព(UNIFIL) ហើយបានចូលនៅមុនពេលថ្ងៃរះ កាលពីព្រឹកថ្ងៃអាទិត្យ។
យោធាអ៊ីស្រាអែល និយាយថា ក្រុមសកម្មប្រយុទ្ធនៃក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះទៅកាន់កងទ័ពអ៊ីស្រាអែល ដោយបានបណ្តាលឱ្យពួកគេ២៥ នាក់ រងរបួស។
កងរក្សាសន្តិភាព៥នាក់បានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនត្រូវបានដាក់កំហុសដោយកងកម្លាំងរក្សាសន្តិភាព ទៅលើកងកម្លាំងអ៊ីស្រាអែល។ កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា «ដល់ពេលហើយសម្រាប់អ្នកដើម្បីដកកងកម្លាំងរក្សាសន្តិភាព ចេញពីទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា និងចេញពីតំបន់ប្រយុទ្ធ។