រដ្ឋបាលបន្ទាយមានជ័យ នឹងរៀបចំបុណ្យអុំទូកថ្នាក់ខេត្តរយៈពេល២ថ្ងៃ ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ
បន្ទាយមានជ័យ ៖ ពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅ ខេត្តបន្ទាយមានជ័យនឹងប្រព្រឹត្តទៅនៅក្រុងសិរីដោភ័ណថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ នាផ្លូវជាតិលេខ៥ ភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានសេចក្តីជូនដំណឹងនិងអំពាវនាវថា សូមជម្រាបជូនឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្ត ជ្រាបថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ។
សេចក្តីជូនដំណឹងអោយដឹងបន្តថា នៅរៀងរាល់ពត្រី ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២៤ មានការប្រគំតន្ត្រីសម័យ អមរដោយការដាក់តាំងស្តង់ផលិតផលខ្មែរ ។ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្ត បន្ទាយមានជ័យ(មាត់ស្ទឹងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លា) ព្រមទាំងមានការរៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចំពោះ ពិធីអកអំបុកនិងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យដែរ ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនមេត្តាជួយឧបត្ថម្ភគាំទ្រ ផ្តល់អំណោយដូចជា : ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។
ចំពោះអំណោយ សូមយកមកប្រគល់ជូនការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃធ្វើការឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០១០ ៩៥៥ ៣៦៦, ០៧៨ ២៦៦៨៦៦។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបន្ថែមថា ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពជូនពរដល់គ្រប់គ្នាដូចខាងលើ ៕