ឯកឧត្តម សុខ លូ អញ្ជើញចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ (ដូសទី ៥ ) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញ (ដូសទី ៥ ) ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង ដែលប្រព្រឹត្តធ្វើឡើងនៅផ្សារបុរីរំចេក ស្ថិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង ។

ឋិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានស្នើទៅដល់លោកប្រធានមន្ទីរអង្គភាព ក៏ដូចជាក្រុងស្រុកទាំងអស់ ធ្វើយ៉ាងណាជម្រុញអោយមន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី៥នេះទាំងអស់គ្នា ព្រោះយើងដឹងហើយរយៈពេលកន្លងមក សម្តេចតេជោបានខិតខំរកវ៉ាក់សាំង ហើយយើងទាំងអស់គ្នាក៏បានរួមចំណែកក្នុងការទិញវ៉ាក់សាំងនេះដែរ ហើយក្នុងនោះលទ្ធផលនៃការបោះឆ្នោតកន្លងមកនេះយើងក៏បានដឹងហើយថា យុទ្ធនាការវ៉ាក់សាំងគឺសម្តេចតេជោបានសង្គ្រោះជីវិតពុកម៉ែ បងប្អូនទាំងអស់ទូទាំងប្រទេសដែលនយោបាយវ៉ាក់សាំងនេះបានផ្តល់លទ្ធផលធំណាស់ក្នុងការគាំទ្របងប្អូនប្រជាពលរដ្ឋក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តស្នើអោយបងប្អូនដែលជាមន្ត្រីរាជការចុះមូលដ្ឋានទាំងអស់សូមយកទៅផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងមិនចាក់អោយតែមន្ត្រីរាជការជួរមុខតែមួយទេ សម្តេចតេជោសូមអោយចាក់សូម្បីតែសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋដែលមានសុខភាពខ្សោយ ក៏ត្រូវតែចាក់ ព្រោះយើងបារម្ភក្រែងជំងឺកូវីដផ្ទុះបន្តទៀត ព្រោះមេរោគមួយនេះវាបំលែងថ្មីរហូតមិនដឹងថាចប់នៅពេលណា ដូច្នេះបើយើងរក្សាបានល្អបែបនេះហើយ យើងត្រូវតែខិតខំជំរុញផ្សព្វផ្សាយបន្ថែមទៀតដើម្បីរក្សាស្ថានភាពនេះបានយូរអង្វែងទៅដល់ក្រោយការបោះឆ្នោតនៅឆ្នាំ២០២៣ ក៏ដូចជាតាមបណ្តាឆ្នាំបន្តបន្ទាប់ទៀត ធ្វើម៉េចកុំអោយជំងឺកូវីដ-១៩ផ្ទុះឡើងវិញ។

CATEGORIES
Share This