កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បតិ្តអ្នកដទៃ ។

លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អានគុណធីម ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់ របស់ជនរងគ្រោះឈ្មោះ ផានសុភី ភេទស្រី អាយុ៤១ឆ្នាំ បានសម្រេចមិនបានប៉ុន្មានម៉ោង ។

លោកបន្តថា ក្រោយ​ឃាត់ខ្លួន និងបញ្ជូន ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាបូបប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន ហើយជំនាញបានធ្វើតេស្ដទឹកនោមរបស់ជនសង្ស័យ រកឃើញមានសារធាតុញៀន វិជ្ជមាន(+) ។

ផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុកាបូបលុយនិងសម្ភារៈ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

CATEGORIES
Share This