លោកជំទាវ បាន ស្រីមុំ អញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើក បើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបាន ខ្ជាប់ ខ្ជួន នូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរនីតិវិធីនៃការ រៀបចំ ទាំង អស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល«អ្នកចេះគឺជាប់»។

លោកជំទាវបានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវ ថែរក្សា សុខ ភាពឲ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ក្នុងការ ប្រឡង ដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។

ជាមួយការប្រឡងនេះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការប្រឡង និងត្រៀមពិនិត្យ ព្យាបាលបឋម សម្រាប់បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាពពិសេសបានចាត់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន សហការគ្នា តាមមើលថែរក្សាការពារ ក្មួយៗបេក្ខជនប្រឡង ២៤លើ២៤ម៉ោង ផងដែរ។

តំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបៃលិន បានលើកឡើងថា សម្រាប់ ឆ្នាំសិក្សា ២០២៣-២០២៤ ក៍មិនខុសពីឆ្នាំមុនៗនោះដែរ គឺឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានបន្តផ្ដល់ជូន បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំងអស់ នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំង ការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានរៀបចំ ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេសល្អ ឯកឧត្តម និងលោកជំទាវនឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងផ្តល់អាហាររូបករណ៍ជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត មានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។

បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឲ្យដឹងថា៖ ការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤នេះ គឺប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់បីថ្ងៃទី៨-៩ ខែតុលាឆ្នាំ២០២៤ ហើយចំពោះខេត្តប៉ៃលិន មានមណ្ឌលប្រឡង ចំនួន ០២មណ្ឌល គឺទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានចំនួន ២៤បន្ទប់មានបេក្ខជនសរុបចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ក្នុងនោះ ស្វៃរិន ចំនួន ៥៤នាក់ ស្រី២៤នាក់ ៕

CATEGORIES
Share This