ពុទ្ធបរិស័ទ សំណូមពរដល់មន្ត្រីសង្ឃ និងអាជ្ញាធរ ផ្តល់យុត្តិធម៌ រឿងចាប់ផ្សឹកព្រះសង្ឃ ៣អង្គ ហើយសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ផ្តើមពីចៅអធិការវត្តព្រះពន្លា ក្នុងយប់ថ្ងៃភ្ជុំធំទី១ តុលា ២០២៤ បានចាក់សោរកុដ្ឋយកស្បង់ និងសំភារៈរបស់ព្រះសង្ឃមួយអង្គ ដែលមកសុំស្នាក់រៀន នៅក្នុងវត្តបោះចេញមកក្រៅ  ក្លាយជាទំនាស់ពាក្យឈានដល់អំពើហិង្សា រវាងព្រះសង្ឃ៣អង្គ និងព្រះគ្រូចៅអធិការវត្ត ក៏ត្រូវបានមេគុណខេត្តចាប់ផ្សឹក ចំនួន០៣អង្គ និងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើឱ្យពុទ្ធបរិស័ទចំណុះជើងវត្តព្រះពន្លា និងញាតិញ៉ូមរបស់ព្រះសង្ឃ ៣អង្គ ធ្វើការតវ៉ាស្នើឱ្យមន្ត្រីសង្ឃ និងអាជ្ញាធរ សមត្ថកិច្ច ជួយផ្តល់យុត្តិធម៌ កុំមានការឃាត់ខ្លួន ព្រះសង្ឃទាំង៣អង្គ ។

ការតវ៉ានេះ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីរសៀលថ្ងៃទី០២ នៅវត្តសមាធិផល និងព្រឹកថ្ងៃទី០៣ នៅនឹងមុខវត្តព្រះពន្លា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមការរៀបរាប់របស់ញាតិញ៉ូមព្រះសង្ឃ និងប្អូនរបស់សង្ឃ ២អង្គ ក្នុងចំណោម៣អង្គ ដែលត្រូវបានឃាត់ខ្លួន បានសំណូមពរដល់មន្ត្រីសង្ឃ និងអាជ្ញាធរ មានសមត្ថកិច្ច ផ្តល់ភាពយុត្តិធម៌ដល់លោកទាំង៣អង្គ ហេតុអ្វីបានឈានដល់ការឃាត់ការចាប់ផ្សឹក និងឃាត់ខ្លួន ដោយដំបូងឡើយគ្រាន់តែចាំដោះស្រាយតាមបែបពុទ្ធសាសនា នៅនឹងវត្តសមាធិផល បែរជាពេលដែលឱ្យពលរដ្ឋចេញពីវត្តម៉ោងប្រមាណជា ៥រសៀលស្រាប់តែមេគុណខេត្ត ចាប់ផ្សឹកលោកទាំង៣អង្គ រួមមាន ៖ ១.ឈ្មោះ ហោយ ឈាវ អាយុ៤៨ឆ្នាំ, ២.ឈ្មោះ យិន គង្គា, ៣.ឈ្មោះ អិន ធារី ហើយមិនថែមតែប៉ុណ្ណោះ សមត្ថកិច្ចអាវុធហត្ថខេត្ត ក៏ឃាត់ខ្លួនលោកបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខេត្តតែម្តង ។ មូលហេតុដែលឈានដល់ការចាប់ផ្សឹក និងឃាត់ខ្លួននេះ ដោយសារតែកាលពីយប់ថ្ងៃទី០១ នាថ្ងៃបុណ្យភ្ជុំធំមានការលេងស្គរដៃ នៅក្នុងវត្តអបអរបុណ្យភ្ជុំ ស្រាប់តែព្រះគ្រូចៅអធិការវត្ត ព្រះនាម យឿន សាមឿត បានទៅយកស្បង់ និងសំភារៈរបស់ព្រះសង្ឃមួយអង្គ ដែលបានមកសុំស្នាក់នៅក្នុងវត្ត រៀនធម៌វិន័យ យកទៅបោះចោលក្រៅកុដ្ឋ ក៏នាំឱ្យព្រះសង្ឃ៣អង្គ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានទៅតវ៉ាជាមួយព្រះគ្រូចៅអធិការវត្ត ទៅវិញទៅមក រហូតកើតជាជំនាស់សង្ឃដីកា និងឈានទៅដល់អំពើហិង្សា បណ្តាលឱព្រះគ្រូចៅអធិការងរបួសក្បាលយ៉ាងដំណំ ត្រូវបញ្ជូនទៅស្កែនខួរក្បាលនៅមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង ហើយនិមន្តបន្តទៅទៅពិនិត្យថៃ ។

ពុទ្ធបរិស័ទ បានលើកឡើងទៀតថា ចាប់តាំងពីព្រះគ្រូចៅអធិការព្រះនាម យឿន សាមឿត ឡើងកាន់ជាព្រះគ្រូចៅអធិការវត្តនៅវត្តនេះមក តែងរករឿងដល់ព្រះសង្ឃក្នុងវត្តឱ្យមានការថ្នាំងថ្នាក់ ក្នុងនោះក៏បានប្រើអំពើហិង្សា លើព្រះសង្ឃមួយអង្គ រហូតដល់មានរបួស បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមង្គលបូរី ។

ទាក់ទងនឹងករណីនេះ យើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីព្រះមេគុណខេត្ត ក៏ដូចជាព្រះចៅអធិកាវត្តខាងលើបានឡើយ ។ តែបើតាមលោក បៀន ថាន ប្រធានមន្ទីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បាន្យដឹងថា ជុំវិញករណីខាងលើ បញ្ហាព្រះសង្ឃ ព្រះមន្ត្រីសង្ឃបានអនុវត្តតាមច្បាប់សង្ឃ រីឯបញ្ហាច្បាប់រដ្ឋ ផ្នែកខាងមន្ត្រីអនុវត្តច្បាប់ជាអ្នកធ្វើ ។ ហើយចំពោះការឃាត់ខ្លួននេះ សមត្ថកិច្ចអាវុធហត្ថ នៅមិនទាន់បានបញ្ជាក់ពីនីតិវិធីនៃការឃាត់ខ្លួន ឬបញ្ជូនទៅតុលាការនោះទេ ៕

CATEGORIES
Share This