ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន មានភ្ញៀវទេសចរណ៍ មកកម្សាន្ត កើនឡើងជាងឆ្នាំមុន
ប៉ៃលិន ៖ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយ៍ដ្ឋាននានា ក្នុងខេត្ត សរុប ចំនួន ៩៤,២០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៧,៩៧៩នាក់ រីឯចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន៧៥,២៧%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងទៀតថា ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាលខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាព របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។
លោកបន្តថា រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងខេត្តនិងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះ ស្ថានភាព ទូទៅវិញឃើញថា មានសណ្តាប់ធ្នាប់ និង របៀបរៀបរយល្អ មានការយាមប្រចាំការ ពីកម្លាំងនគរបាលទេសចរណ៍ អធិការដ្ឋាន ក្រុង/ស្រុក ប៉ុស្តិ៍ នគរបាលឃុំ/សង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារភូមិ ចំណែកក្នុងមូលដ្ឋាន អាជីវករមានការ យកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវា ជាពិសេសការអនុវត្តតាមវិធាន សុវត្ថិភាពទេសចរណ៍ ៕