ព្រឹត្តិកាណ៍ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ
ប៉ៃលិន ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំ យុវជន សសយក គ្រប់វិស័យ ប្រារព្ធព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាន មានប្រសាសន៍លើក ឡើងថា៖ ការរៀបចំព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺក្នុងគោលបំណងធ្វើ ការ ផ្សព្វផ្សាយ ពីអត្ថន័យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ហើយ ក៏ ជាកម្មវិធី នៃការ កៀងគរ ឬ បើក ឱកាស ដើម្បី ឱ្យ មានការជួបជុំ ជាលក្ខណៈ មហាគ្រួសារ ខ្មែរ ផង និងបំផុសចលនាវប្បធម៌នៃការចែករំលែកផងដែរ។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍រំលឹកថា៖ ក្នុងដំណាក់កាលទសវត្សរ៍ទី៨០ ពេលនោះ ការអភិវឌ្ឍប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ តែអ្វីដែលសំខាន់នាពេលនោះ នៅពេលមានបុណ្យទានម្តងៗ គឺក្រុមគ្រួសារមកជួបជុំគ្នាធ្វើការវេចនំ ដោយការធ្វើរបៀបនេះមាននៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅតែបន្តមានមកទល់បច្ចុប្បន្ន ដូច្នេះការ វេចនំអន្សម គឺជា ការ នាំប្រជាពលរដ្ឋខ្មែរមកជួបជុំ គ្នា ក្នុង លក្ខណៈជា សង្គមខ្មែរ ក្នុង ការ រាប់អានគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា «នំអន្សម» នៅក្នុងវចនានុក្រមខ្មែរ បានពន្យល់ថា ជាឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ ជាទូទៅច្រើនខ្ចប់ស្លឹកចេក ដោយនំអន្សមមានច្រើនប្រភេទដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំងជាដើម ហើយក្នុងចំណោម នំអន្សមទាំងនេះ ភាគច្រើន នំអន្សមជ្រូក និងនំអន្សមចេក ពលរដ្ឋខ្មែរនិយមវេចនៅក្នុងពិធីបុណ្យជាតិធំៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក កម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសាសនា និងកម្មវិធីផ្សេងៗទៀត ដូច្នេះ «នំអន្សម» គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនឹងមានប្រវត្តិកើតមានក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ «ព្រះឥសូរ ឬ ព្រះសិវៈ» ដែលតំណាងឱ្យ «សសរភ្លើងឥស្វរៈ» នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ ៕