អាជ្ញាធរចុះពិនិត្យទីតាំងផ្ទះ០១កន្លែងសង្ស័យថាកំពុងជីកគាស់យកកំណប់
បាត់ដំបង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលទីតាំងផ្ទះ០១កន្លែងដែលសង្ស័យថាបាននិងកំពុងជីកគាស់កាយយកកំណប់។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងផ្ទះខាងលើឋិតនៅក្បែររ៉ាអូរដំបង ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម្ចាស់ផ្ទះត្រូវបានគេស្គាល់ថាឈ្មោះ សុខ ជាមន្ត្រីយោធាផ្កាយ២ ហើយទីតាំងផ្ទះមួយនេះ រយះពេលជាងកន្លះខែកន្លងមក បានធ្វើសកម្មភាពជីកកកាយម្តងរួចមកហើយ តែត្រូវបានសមត្ថកិច្ចចុះនាំខ្លួនមនុស្សប៉ុន្មាននាក់យកទៅសាកសួរនៅអធិការស្រុក ព្រមទាំងបានណែនាំមិនអោយបន្តសកម្មភាពនេះផងដែរ ប៉ុន្តែមិនបានប៉ុន្មានផង នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក៏មានការភ្ញាក់ផ្អើលជាថ្មីថាមានករណីជីកយកកំណប់ចេញទៅទាំងយប់ដោយមានទាំងមន្ត្រីយោធាជាច្រើននាក់នៅឃ្លាំមើលការពារខាងក្រៅផងដែរ។
ក្រោយមានការភ្ញាក់ផ្អើលជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ រួមជាមួយអាជ្ញាធរមូលដ្ឋានជាច្រើននាក់ បានចុះទៅពិនិត្យមើលម្តងទៀត តែត្រូវបានម្ចាស់ផ្ទះអនុញ្ញាតអោយចូលតែប៉ុន្មាននាក់ រហូតជាងកន្លះម៉ោងក្រោយមកក៏បាននាំគ្នាចេញមកវិញ ហើយបានឆ្លើយដូចៗគ្នាទាំងការលាក់លៀមថា ម្ចាស់ផ្ទះជីករណ្តៅដើម្បីចាក់ខ្សាច់ចូលកុំអោយស្រុតផ្ទះ ព្រោះផ្ទះកំពុងប្រេះស្រុត។
ប៉ុន្តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋដាក់ការសង្ស័យថា ហេតុអីបានជាផ្ទះប្រេះស្រុត បែជាជីករណ្តៅដើម្បីចាក់ខ្សាច់ចូលទៅវិញ ហើយរយៈពេលកន្លងមកជីកនៅក្បែររបង តើការជីកនោះជាការជីកដើម្បីទប់របងកុំអោយស្រុតឬយ៉ាងណា ព្រោះបើយោងតាមប្រភពពីអាជ្ញាធរទីតាំងផ្ទះខាងលើ គឺជាអតីតទីទួលបុរាណផងដែរ។