ឯកឧត្តម ស សុខា និងអតីតប្រធានសភាជប៉ុន បង្ហាញការពេញចិត្តចំពោះផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន
ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម FUJITA Yukihisa ឥស្សរជនជប៉ុន ដែលធ្លាប់កាន់មុខតំណែងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ កន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុន ដែរថាទោះបីសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។
ជាការឆ្លើយតប ឯកឧត្តម FUJITA Yukihisa បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងបានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុន ក៏នឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្តិត ស សុខា បានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែកដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕