អាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
បាត់ដំបង ៖ ជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិសាស្ត្រពីរផ្សេងគ្នា ស្ថិតក្នុងក្រុងបាត់ដំបង និងស្រុកភ្នំព្រឹក ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ ធួន ចំរើន ហៅ រើន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង និងទី២-ឈ្មោះ ខន ស៊ីលាង ហៅ លាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបូង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងគ្រឿងញៀនម្ស៉ៅក្រាមពណ៌សថ្លា (ice)ចំនួន០២កញ្ចប់ ទម្ងន់ ២.៨៣ក្រាម ,ទូរស័ព្ទដៃ០៣គ្រឿង ,កាំបិត០៣ដើម ,ពូថៅ០១ដើម ,ម៉ូតូ០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយ។
ករណីទី២ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុន វ៉ើន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាមួយវត្ថុតាងគ្រឿងញៀនម្ស៉ៅក្រាមពណ៌សថ្លា (ice)ចំនួន០១កញ្ចប់ ទម្ងន់ ១.៣៧ក្រាម ,ទូរស័ព្ទដៃ០១គ្រឿង ,ម៉ូតូ០១គ្រឿង ។
ក្រោយឃាតខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី