ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញ សំណេះសំណាលជាមួយមន្ត្រី ក.ប.ប និងមន្ត្រីពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ

48

បន្ទាយមានជ័យ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ ។

លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបង្ហាញពីរបាយការណ៍ អំពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងអាជ្ញប័ណ្ណផ្សេងៗទម្រង់ឌី បានចំនួន១,៧៥៦ច្បាប់ស្មើនឹង៤០១,៨៥៨តោន ក្នុងនោះមាន ដំឡូងមី ១,៤៩៥ច្បាប់ស្មើនឹង៣៧៣,៧៥០តោន ពោតក្រហម ៤០ច្បាប់ស្មើនឹង១០,០០០តោន ស្វាយកែវរមៀត៣៥ច្បាប់ស្មើនឹង២,៧៥០តោន គ្រាប់ស្វាយចន្ទីរ១៣ច្បាប់ស្មើនឹង២,០០០តោន ម្ទេស៦៥ច្បាប់ស្មើនឹង៣,៣០០តោន គ្រាប់ឈូក៣៤ច្បាប់ស្មើនឹង៥១០តោន អង្ករ៦៦ច្បាប់ស្មើនឹង៩,៣៦៨តោន ទុរេន១០ច្បាប់ស្មើនឹង១៨០តោន។

ជាមួយគ្នានេះលោក សាន វិជ្ជា សារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីរបាយការណ៍ រយៈពេល១ឆ្នាំ២០២០ ដោយមន្ត្រី(ក.ប.ប) បានសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត ចុះពិនិត្យទំនិញតាមបណ្តាទីផ្សារក្នុងខេត្តបន្ទាយមានជ័យ បានចំនួន៥៥លើក ដកហូតទំនិញគ្មានផ្លាក់សញ្ញាច្បាស់លាស់ ទំនិញហួសសុពលភាពប្រើប្រាស់ និង ទំនិញខូចគុណភាព សរុបចំនួន ២,១៤៤គីឡូក្រាម និងបង្ក្រាបប្រហិតចម្រុះបានចំនួន៤៣០គីឡូក្រាម សាច់មានខូចគុណភាព ចំនួន៣៥០គីឡូក្រាម កំទិចមីដែលច្បាប់ហាមឃាត់ ចំនួន៣៩០គីឡូក្រាម និងផលិតផលម្ហូបអាហារចំនួន៩៧៤គីឡូក្រាម ។ ដោយឡែកសម្រាប់ឆ្នាំ២០២១នេះ មន្ត្រី(ក.ប.ប) បានចុះពិនិត្យបានទំនិញលើទីផ្សារ បានចំនួន៥លើកដកហូតទំនិញមាន៥០១គីឡូក្រាម និងត្រូវបានដុតកំទិចចោលផងដែរ ។

ក្នុងពិធីដែរឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារកន្លងមក ។ ព្រោះតែវិបត្ដិកូវីត-១៩ ធ្វើឲ្យយើងមិនបានជួបជុំ ជជែកគ្នាបានច្រើន តែយើងក៏ត្រូវបង្វែរការជជែក ពិភាក្សាការងារតាមរយៈប្រព័ន្ធអេឡិចត្រូនិចវិញ ។ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើផងដែរដល់ មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវតែបង្កើការយកចិត្តទុកដាក់ទីផ្សារកសិផលជូនប្រជាពលរដ្ឋ និងមន្ត្រី(ក.ប.ប) ត្រូវចុះពិនិត្យទីផ្សារជាប្រចាំ ដើម្បីពង្រឹងគុណភាពទំនិញការពារសុខភាពជូនប្រជាពលរដ្ឋ ព្រោះការងាររបស់ សាខា(ក.ប.ប) គឺជាទីពឹងរបស់ប្រជាជន ចំពោះគុណភាពទំនិញលើទីផ្សារនេះ ។ មួយវិញទៀតត្រូវស្វែងរក ការផលិត ផលិតផលក្នុងស្រុកដើម្បីចុះបញ្ជី ក្នុងគោលបំណងការពាររូបមន្តម្ចាស់ដើមកុំឲ្យគេលួចបន្លំ ដូចជា ៖ ការចុះបញ្ជីអំបុកខេត្តកំពង់ធំ ម្រេចខេត្តកំពត និង នំបញ្ចុកខេត្តសៀមរាប ។ល។ ព្រោះការរក្សាសិទ្ធិម្ចាស់ដើម ក៏ជាការទាក់ទាញភ្ញៀវទេសចរណ៍មួយចំណែកផងដែរ ៕

ដោយ៖ សម្បត្តិ សីហា

ចំណែក