លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច ព្រមទាំងប្រសិទ្ធភាពការងារ ដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាល ខេត្ត នាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត  និងប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកទៅតាមស្ថានភាពវិវត្តន៍នៃប្រទេសជាតិថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក ហើយការដកខ្លួនេះ គឺដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ប៉ុន្តែ«ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅខេត្តភូមិភាគឦសានផ្ទាល់តែម្តង ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥»។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យ បច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ដោយត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ ។

សូមបញ្ជាក់ថា បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជិត ៤ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការអនុវត្តនូវគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងមើងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើជាតិ និងប្រជាជន ៕

CATEGORIES
Share This