ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយស្ត្រី០១នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រី០១នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ដំបូងមានម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AN-8482 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AT-2930 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយស្ត្រីភាគីម៉ូតូម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This