មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយក្នុងខេត្តទាំង៥
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាងមួយ ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមានឯកឧត្តម ផេង សិទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន(វីតាល់)និងលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។
«គរុកតញ្ញុតា»គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមដោយមូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល គ្រាប់ពូជនៃអនាគតកម្ពុជា ដែលមហាព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដំណាលគ្នាស្របតាមពេលវេលា និងទម្រង់ដូចគ្នានៅខេត្ត ដែលមានសក្តានុពលធំៗចំនួន ៥ រួមមាន ខេត្តតាកែវ ,កំពង់ស្ពឺ ,បាត់ដំបង ,សៀមរាប និងបន្ទាយមានជ័យ ស្របជាមួយឱកាសនៃការខិតជិតមកដល់នៃទិវាគ្រូបង្រៀន ៥តុលា នាពេលខាងមុខផងដែរ ។
ឯកឧត្តម ផេង សិទ្ធី អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល វីតាល់ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងបង្កើននូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើង ជាពិសេសបានបំផុសស្មារតីដល់សិស្សានុសិស្សឱ្យរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀនដែលធ្លាប់បានបង្រៀន និងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកសង្គមពុទ្ធិ ប្រកបដោយវិបុលភាព ក្នុងសម័យកាលថ្មី ដើម្បីអនាគតមាតុភូមិកម្ពុជាដ៏ត្រចះត្រចង់លើគ្រប់វិស័យ។
លោកបន្តថា ក្រោមកិច្ចសហការរៀបចំរវាងរដ្ឋបាលខេត្តបាត់ដំបង និងព្រឹត្តិការណ៍វីតាល់ “គរុកតញ្ញុតា”នាថ្ងៃនេះ គឺជាចំនុចចាប់ផ្ដើមដ៏ល្អមួយនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីសធម៌ស្អាតសំ្អក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។
បន្ថែមពីនេះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់វីតាល់ ដែលជានិច្ចកាលបន្តផ្ដួចផ្ដើមគម្រោងថ្មីៗ និងសកម្មភាពសង្គមនានា តួយ៉ាងកម្មវិធី “គរុកតញ្ញុតា” ថ្ងៃនេះក្លាយជាព្រឹត្តិការណ៍សប្បុរសធម៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ក៏ដូចជាស្ថាប័នវិស័យឯកជនដ៏ទៃទៀតអាចយកគំរូតាម។
លោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន (វីតាល់) បានមានប្រសាសន៍ថា ស្របពេលដែល «គរុកតញ្ញុតា» កំពុងប្រព្រឹត្តឡើងនៅខេត្តបាត់ដំបង មហាព្រឹត្តិការណ៍នេះក៏បានកំពុងប្រារព្ធឡើងដំណាលគ្នានៅខេត្តចំនួន៤ផ្សេងទៀតរួមមាន៖ ខេត្តតាកែវ, កំពង់ស្ពឺ, សៀមរាប និងបន្ទាយមានជ័យ ដោយទទួលបានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តទាំង៤ផងដែរ ។
«គរុកតញ្ញុតា» បានបង្កប់នូវខ្លឹមសារនៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍចំណេះដឹង ចំណេះធ្វើកាន់តែរីកចម្រើនគួរជាទីមោទនៈ។
លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមឡើងនូវព្រឹត្តិការណ៍សង្គម «គរុកតញ្ញុតា» ដែលសបញ្ជាក់នូវកាយវិការគម្រូដ៏ល្អរបស់វីតាល់ ក្នុងនាមជាវិស័យឯកជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវចរិយាធម៌ និងសីលធម៌សង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ក្នុងឱកាសនេះដែរ វីតាល់បានចេញនូវកេសថ្មីចំណុះ 500mL ដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាងខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ កេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់លើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុក។
គួរបញ្ជាក់ផងដែរថា វីតាល់ “គរុកតញ្ញុតា“ ត្រូវបានកើតចេញពីការចូលរួមគាំទ្រពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចួលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សង្គមលើគ្រប់វិស័យ ៕
ដោយ ៖ សាលី