អាជ្ញាធរខេត្តបាត់ដំបង ចុះអន្តរាគមន៍នាំទឹក សង្គ្រោះស្រូវជាង៣០០ហិកតា ដែលជួបគ្រោះរាំងស្ងួត

52

បាត់ដំបង ៖ ស្រូវប្រជាពលរដ្ឋ ប្រមាណជាង៣០០០ហិកតា នៅឃុំចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកំពុងជួបគ្រោះរាំងស្ងួត ត្រូវបានមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះអន្តរាគមន៍នាំទឹកយកទៅសង្គ្រោះ ​កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

លោក សៅ សារ៉ន  ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកនៃទំនប់អាងកំពីងពួយ បានលើកឡើងថា ស្រូវដែលកំពុងជួបបញ្ហារាំងស្ងួតខ្វះខាតទឹកខាងលើនេះ ស្ថិតក្នុងឃុំរូងជ្រៃ និងឃុំបន្សាយត្រែង ខណៈតំបន់ទាំងនោះ នៅឆ្ងាយពីប្រភពទឹកហើយពិបាកក្នុងការនាំទឹកទៅសង្គ្រោះ ព្រោះប្រឡាយត្រូវនាំទឹកទៅមានលក្ខណៈតូចចង្អៀតនិងមិនមានភ្ជាប់ទៅដល់ទៀត ។

លោកថា បើទោះជួបឧបសគ្គយ៉ាងនេះក្តី ក៏អាជ្ញាធរ និងមន្ត្រីជំនាញនៅតែបើកទឹក ដើម្បីយកទៅសង្គ្រោះស្រូវរបស់ពួកគាត់ទៅតាមលទ្ធភាពជាក់ស្ដែង ខណៈទឹកនេះក៏កំពុងផ្គត់ផ្គង់ដល់ស្រូវប្រាំងចំនួន ១២០០០ហិកតា ផ្សេងទៀត ដែលស្ថិតក្នុងផែនការស្ដារឡើងវិញ បន្ទាប់ពីទឹកជំនន់បានស្រកទៅ រួមទាំងសម្រាប់ទុកប្រើប្រាស់ក្នុងរដូវប្រាំងផងដែរ ។

លោក យូ សឿម មេឃុំរូងជ្រៃ តំណាងអោយពលរដ្ឋ បានលើកឡើងដែរថា កាលពីចុងឆ្នាំ២០២០ ក្នុងតំបន់នេះ ក៏បានជួបគ្រោះទឹកជំនន់បណ្ដាលឲ្យលិចលង់នូវស្រូវអស់ជាច្រើនហិកតា ហើយបន្ទាប់ពីទឹកស្រកកសិករមួយចំនួនក៏បាននាំគ្នាធ្វើការដាំដុះស្រូវស្ដារឡើងវិញ តែត្រូវបានជួបបញ្ហាខ្វះខាតទឹកស្រោចស្រពនេះ ប៉ុន្តែអាជ្ញាធរខេត្តនិងមន្ត្រីជំនាញចុះជួយអន្តរាគមន៍នេះ ធ្វើឲ្យពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ។

ក្នុងឱកាសចុះជួបដោះស្រាយ និងពិនិត្យស្ថានភាពនាំទឹកជួយសង្គ្រោះស្រូវពលរដ្ឋក្នុងឃុំទាំងពីរនេះ លោក ហួត ច័ន្ទតារារិទ្ធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ផែនការរបស់ខេត្ត ក្នុងការស្ដារឡើងវិញនៃការដាំដុះស្រូវបន្ទាប់ពីគ្រោះទឹកជំនន់ស្រក មានប្រមាណជា ២០.០០០ហិកតា ដោយស្ថានភាពស្រូវទាំងអស់នោះមានភាពល្អប្រសើរពុំមានខ្វះខាតទឹកស្រោចស្រពនោះទេ ប៉ុន្តែមានស្រូវមួយចំនួនស្ថិតនៅក្រៅផែនការកំពុងខ្វះខាតទឹកដាក់ តែត្រូវបានអាជ្ញាធរកំពុងជួយសង្គ្រោះជាបន្តបន្ទាប់តាមលទ្ធភាព ។ ក្នុងនោះលោកក៏អំពាវនាវ ទៅដល់ពលរដ្ឋសូមស្ដាប់តាមការណែនាំរបស់ជំនាញពាក់ព័ន្ធនឹងការធ្វើស្រូវប្រាំងនៅឆ្ងាយពីប្រភពទឹក និងនៅក្រៅផែនការនេះដែរ ជៀសវាងខ្វះទឹកស្រោចស្រពធ្វើឲ្យរងការខូចខាត ជីវភាពកាន់តែលំបាក ៕

ដោយ ៖ សាលី

ចំណែក