រដ្ឋបាលខេត្តបាត់ដំបង ចុះណែនាំដល់អាជីវករនៅ ផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូប ក្រោយសម្រាកលក់ដូរ

បាត់ដំបង ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការៀបចំអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយការលក់ដូរ នៅផ្សាររាត្រីនាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ា ទីណាល់ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះណែនាំដល់អាជីវករនៅផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូបក្រោយសម្រាកពីការលក់ដូរ ។

លោក ម៉ា ទីណាល់ បានលើកឡើងថា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ទីក្រុងអោយបានល្អប្រសើរ ក៏ដូចជាសម្រួលដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងនោះ រដ្ឋបាលខេត្តបាត់ដំបង បានបង្កើតគណៈកម្មការដឹកនាំរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពក្រុង ដោយតម្រូវអោយបងប្អូនអាជីវករទាំងអស់ដែលលក់ដូរនៅផ្សាររាត្រីនាគបាញ់ទឹកត្រូវតែអនុវត្តដូចខាងក្រោម ៖ ១-ត្រូវរុះរើ សំយាប រនាំង ដំបូល សម្ភារៈ ផ្សេងៗចេញឲ្យអស់ ។ ២-ត្រូវរក្សាទ្រង់ទ្រាយតូបដែលរដ្ឋបាលខេត្តបាត់ដំបងបានសាងសង់និងប្រគល់ឲ្យលក់ដូរបណ្ដោះអាសន្ន ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូបក្រោយសម្រាកលក់ដូរ ។ ៣-ត្រូវវេចខ្ចប់ទុកដាក់សំរាម សំណល់រឹង-រាវ ឲ្យបានត្រឹមត្រូវ និងលាងសំអាតតូប និងខាងមុខតូប ក្រោយសម្រាកលក់ដូរ ។ ៤-ហាមចាក់ទឹកលាងចានចូលច្រាំងស្ទឹងសង្កែដាច់ខាត ក្នុងករណី បងប្អូនអាជីវករមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុងនឹងធ្វើការកាត់សំយាប និងរឹបអូសយកមករក្សាទុក និងបញ្ឈប់ការលក់ដូរបន្តទៀត។

យោងតាមសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា បងប្អូនអាជីវករនៅផ្សារាត្រីនាគបាញ់ទឹក អនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ទីក្រុងរបស់យើងទាំងអស់គ្នា ៕

ដោយ ៖ សាលី

CATEGORIES
Share This