ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែក បទពិសោធន៍ និងផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំឆ្នាំ២០២៣
ប៉ៃលិន៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែក បទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំឆ្នាំ២០២៣ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោល នយោបាយឈ្នះ-ឈ្នះ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ អតីតនាយករដ្ឋ មន្ត្រី និងបច្ចុប្បន្នកំពុងត្រូវបានថែរក្សា ការពារ និងអភិវឌ្ឍន៍បន្ត ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្ត ប៉ៃលិន ឱ្យមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យ អាទិភាព ផ្សេងៗទៀត ដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាសក្ខីភាព ក្រោមគោលនយោបាយ និងការ ជួយ ឧបត្ថម្ភ គាំទ្រពីរាជរដ្ឋាភិបាល និងការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ នាពេលបច្ចុប្បន្ននេះ ហេដ្ឋា រចនា សម្ព័ន្ធរូបវន្តក្នុងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន ត្រូវបានពង្រាយចាប់ពីទីប្រជុំក្រុង ដល់ជនបទ ស្ទើរគ្រប់មូលដ្ឋាន ដើម្បីបំពេញតម្រូវការ និងផ្ដល់ឱកាសពេញលេញ និងសម្បូរបែប ដល់កុមារ និងយុវជនគ្រប់ៗរូបបានចូលរៀន និងទទួល បានការសិក្សាអប់រំគ្រប់ទីកន្លែង ហើយបើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានសាលារៀនគ្រប់កម្រិត រួមមានគ្រឹះ ស្ថាន មត្តេយ្យសិក្សា សាធារណៈ ចំនួន ២៧កន្លែង (ក្នុងនោះមត្តេយ្យសិក្សាដាច់ដោយឡែកចំនួន ០២កន្លែង) និងមត្តេយ្យ សហគមន៍ ១២កន្លែង គ្រឹះស្ថានបឋមសិក្សាសាធារណៈ ចំនួន ៥៣ កន្លែង គ្រឹះស្ថានមធ្យមសិក្សា សាធារណៈ ចំនួន ០៩កន្លែង (វិទ្យាល័យចំនួន ០៣កន្លែង និងអនុវិទ្យាល័យចំនួន ០៦កន្លែង) ក្នុងនោះក៏មានគ្រឹះ ស្ថាន មធ្យមសិក្សាឯកជន ចំនួន ០១កន្លែង បឋមសិក្សាឯកជន ចំនួន ១១កន្លែង និងមត្តេយ្យសិក្សាឯកជន ចំនួន ១០កន្លែង។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើ សិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការផ្តល់សេវាសាធារណៈរបស់ជ័យ លាភី អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនា លើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការ ផ្តល់ សេវាសាធារណៈ តាមរយៈផ្តល់ការលើក ទឹក ចិត្ត ដែលទទួលស្គាល់ ពី រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្ត ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ ផ្តើមពីវិស័យអាទិភាព គន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបាន ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី និងត្រូវបានបន្តផ្តល់ការ យកចិត្តទុក ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បាន កំណត់ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ ដោយការកសាងធនធាន មនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បទពិសោធជោគ ជ័យ នានា និងប្លែកៗពីគ្នា ដែលនឹងត្រូវយកមកចែករំលែកនៅក្នុងអង្គសិក្ខាសាលា ដែលរៀបចំនៅក្នុងខេត្តប៉ៃលិន នាឱកាស នេះ នឹងជាក្លាយទៅជាចំណែកមួយដ៏មានសារៈសំខាន់ មិនត្រឹមតែដើម្បីជាធាតុចូលសម្រាប់គាំទ្រដល់ការត្រៀម និងរៀបចំខ្លួនចូលរួមក្នុងការប្រឡងប្រណាំងនាពេលខាងមុខនេះទេ ប៉ុន្តែក៏សម្រាប់ប្រើប្រាស់ជាមេរៀន និងបទពិសោធ ក្នុងការពង្រឹង ពង្រីក និងកែលម្អការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈនៅក្នុងអង្គភាពនីមួយៗបានកាន់តែល្អប្រសើរ ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ។
សូមរំលឹកថា សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ ២០២៣ ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន៕