ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង៧៣គីឡូក្រាម

បន្ទាយមានជ័យ ៖ជនសង្ស័យជាជនជាតិថៃ ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង៧៣គីឡូក្រាម និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពី ភ្នាក់ងារផ្ដល់ព័ត៌មានថា មានជនសង្ស័យជាជនជាតិថៃ កំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្ម ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ទើបកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះសហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ បានចំនួន០៥នាក់ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន៖ ១.ឈ្មោះ វីរ៉ាឆៃ មីសុីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតបាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE)ចំនួន ៧១កញ្ចាប់ ទម្ងន់ ៧៣,៦៧៥ក្រាម (ប្រាំពីម៉ឺនបីពាន់ប្រាំមួយរយចិតសិបប្រាំ ក្រាម), គ្រឿងញៀនប្រភេទម៉្សៅម៉ត់ពណ៌ស (ហេរ៉ូឣុីន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧៤៨,២០ក្រាម, និងកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន០៦កាបូប។ ២.ឈ្មោះ ចាក់កាក់ផាន់ ផូសុី ហៅ ប៉ុក ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ១៣១,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌បៃតង ០១ថង់កិប ស្មើនឹង ៤០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ,ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង ៣៣២គ្រាប់ ទម្ងន់ ៧,៨០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក(ឣុិចស្តាសុី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣុិចស្តាសុី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១,៥០ក្រាម, គ្រាប់ថ្នាំបន្ទះពណ៌ក្រហម(Erimin5) ចំនួន០២បន្ទះ ស្មើនឹង ១២គ្រាប់ ទម្ងន់ ៤,៧៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាមុីន)ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៨ក្រាម, កញ្ឆាក្រៀមចំនួន ០១ថង់កិប ទម្ងន់ ៧៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ៣.ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ៣៣ឆ្នាំ ជនជាតិថៃ ដកហូតបាន កាបូប ស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ មានកាំភ្លើងខ្លី ចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន០២ គ្រាប់ចំនួន ១៩គ្រាប់(ជាឣ្នកដឹកជញ្ជូន) ។ ៤.ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ។ ៥.ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសាកសួរ និងក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង ០៥នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This