ផ្តើមពីរឿងដុតសំរាម ដៀមដាមគ្នា កើតជាហឹង្សាប្រតាយប្រតប់គ្នា ត្រូវអាវុធហត្ថ បញ្ជូនជនបង្កទៅតុលាការ
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការ ចាប់ឃាត់ខ្លួន នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។
ការចុះឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ បានប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង ។
ក្រោយឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះ និយាយដៀមដាមមកលេីខ្លួន រឿងដុតសំរាម ហេីយក៏បានប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះដួលទៅលេីដី រងរបួសតែម្តង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕