ដួលបង្គោលភ្លើងជាច្រើនដើម សង្កត់រោង និងផ្ទះប្រជាពលរដ្ឋ ដោយសារខ្យល់កន្ត្រាក់

បាត់ដំបង ៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកខ្លាំង បណ្តាលអោយបាក់រលំបង្គោលភ្លើងជាច្រើនដើមរួមជាមួយដើមឈើផងដែរ សង្កត់ទៅលើរោង និងផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោង ១៦និ៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងនៅត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ហើយបានបណ្តាលអោយដើមគរមួយដើមយ៉ាងធំបានដួលរលំប៉ះបង្គោលភ្លើងធ្វើអោយបាក់អស់ជាច្រើនដើមសង្កត់មកលើរោងលក់ដូរនិងដំបូលផ្ទះប្រជាពលរដ្ឋផងដែរ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

ក្រោយកើតហេតុគេឃើញមានវត្តមានមន្ត្រីអង្គភាពអគ្គិសនីបានចុះទៅធ្វើការកាត់ ភ្ជាប់ ដើម្បីរៀបចំតបណ្ដាញភ្លើងអោយប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ឡើងវិញផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This