កាស៊ីណូរបស់អ្នកឧកញ៉ា លឹម ហេង និងកាស៊ីណូ លី យ៉ុងផាត់ នៅច្រកអូរស្មាច់ បង្ហូរកាកសំណល់ និងទឹកទឹកកខ្វក់ធ្លាក់ចូលអូរទី១ បង្ករផលប៉ះពាល់យ៉ាងខ្លាំង,ពលរដ្ឋទទូចស្នើដល់អាជ្ញាធរជួយអន្តរាគមន៍
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទទូចស្នើដល់អាជ្ញាធរមេត្តាជួយសម្រួលដោះស្រាយចំពោះបញ្ហាក្លិនទឹកស្អុយ និងកាកសំណល់កខ្វក់ដែលកាស៊ីណូរបស់អ្នកឧកញ៉ា លឹម ហេង និងកាស៊ីណូ លី យ៉ុងផាត់ ដែលបានបង្ហូរធ្លាក់មកចំណុចអូរទី១ បណ្តាលឲ្យមានក្លិនស្អុយបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសុខភាពប្រចាំថ្ងៃរបស់ពួកគាត់ និងធ្វើឲ្យទឹកនៅចំណុចនេះប្រើប្រាស់មិនកើត និងមានក្លិនស្អុយខ្លាំងជាប់ជាប្រចាំផងដែរ។
ពលរដ្ឋម្នាក់ឈ្មោះ យក់ ពន្លឺ រស់នៅក្បែរតំបន់ចំណុចអូរទី១ បានឲ្យដឹងថា កន្លងមកពួកគាត់បានប្រើប្រាស់ប្រភពទឹកអូរនេះ បានដូចជាការបោកខោអាវ មុជទឹក បានជាធម្មតា និងបានបូមយកទុកប្រើប្រាស់ជាប្រចាំថ្ងៃបានផងដែរ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេលច្រើនឆ្នាំមកហើយដែលកាស៊ីណូទាំងពីរទីតាំងនេះ បានបង្ហូរទឹកលូ និងកាកសំណល់កខ្វក់ទម្លាក់មក ធ្លាក់មកចូលក្នុងអូរនេះធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់ប្រភពទឹកអូរនេះ បានតទៅទៀតនោះឡើយ។
ពលរដ្ឋ បានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់រស់នៅក្បែរចំណុចអូរទី១នេះ គឺសាំនឹងការស្រូបក្លិនទឹកស្អុយ និងឲ្យធ្វើបរិស្ថាននៃការរស់នៅរបស់ពួកគាត់ក្បែរចំណុចនោះអាចប្រឈម និងផលប៉ះពាល់យ៉ាងខ្លាំង ដល់បញ្ហាសុខភាពពិសេសកូនៗតូចៗរបស់ពួកគាត់ តែងតែមានជំងឺដង្កាត់ផ្សេងៗកើតឡើងដោយសារតែការរស់នៅក្បែរក្លិនទឹកស្អុយនេះតែម្តង។
ជាមួយគ្នានោះពលរដ្ឋ បានទទូចស្នើសុំទៅដល់អាជ្ញាធរឲ្យជួយដោះស្រាយចំពោះបញ្ហាប្រឈមទាំងអស់នេះ ឲ្យបានឆាប់ ប៉ុន្តែជាលទ្ធផលអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិនទទួលបានលទ្ធផលដោះស្រាយបាននោះទេ ចំពោះបញ្ហានេះ។
សម្រាប់លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ កន្លងមក បានឲ្យដឹងថា បញ្ហានេះ លោកបានចាត់មន្រ្តីក្រុមការងារសង្កាត់ឲ្យចុះពិនិត្យ និងធ្វើរបាយការណ៍ជូនទៅអភិបាលក្រុងជាអ្នកសម្រេចហើយ រងចាំការដោះស្រាយបន្តទៀត។ រីឯលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានឲ្យដឹងថា ចំពោះបញ្ហានេះ លោកបានឲ្យក្រុមការងារក្រុងចុះពិនិត្យជាមួយមន្ទីរបរិស្ថានខេត្តម្តងរួចហើយ និងធ្វើរបាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីពិនិត្យដោះស្រាយជូនពលរដ្ឋ និងបានហៅខាងភាគីកាស៊ីណូមកប្រជុំរកដំណោះស្រាយ ប៉ុន្តែមកដល់ពេលនេះ នៅតែគ្មានចំណាត់ការនោះទេ។
យ៉ាងណាម៉ិញលោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ចំពោះបញ្ហានេះកន្លងមកលោកបានហៅខាងភាគីក្រុមហ៊ុនកាស៊ីណូ ទាំងពីរមកពិភាក្សារកដំណោះស្រាយដើម្បីពិនិត្យលទ្ធភាពជាក់ស្តែង សម្រាប់ធ្វើការរៀបចំបង្កើតអាងស្តុកទឹកកខ្វក់ដើម្បីរក្សាកាកសំណលរាវមុននិងធ្វើការបង្ហូរមកតាមប្រព័ន្ធលូ។ ប៉ុន្តែជាលទ្ធផលមកដល់ពេលនេះនៅតែពុំទាន់ឃើញមានចំណាត់ការណាមួយបានដោះស្រាយបញ្ហាទាំងអស់នេះជូនពលរដ្ឋនោះទេ៕