ឯកឧត្តម មាន ចាន់យ៉ាដា អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីលំនៅជាក់ស្តែងរៀងៗខ្លួន។ នេះជា​ប្រសាសន៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលឧត្ដរមានជ័យ លើកឡើង​នៅ​ក្នុងការចុះពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងភូមិសាស្ត្រក្រុងសំរោង នាព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤នេះ។

ឯកឧត្ដម បន្ដថា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ យើងត្រូវទៅចុះឈ្មោះបោះឆ្នោត និង​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ ដើម្បីយើងមាន​សិទ្ធិបោះឆ្នោត​គាំទ្រ គណបក្ស​នយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលខ្លួន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ និងមិនរត់ចោលប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន  បើគ្មានការចូលរួមពី​បងប្អូន​ប្រជាពលរដ្ឋនោះទេ ខេត្តឧត្តរមានជ័យមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ។

ឯកឧត្ដម ក៏បានអំពាវនាវ ដល់ក្មួយៗដែលគ្រប់អាយុបោះឆ្នោត​ត្រូវនាំគ្នាអញ្ជើញទៅ​ចុះ​ឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ​ចាប់ពីថ្ងៃទី១-១៦ ​ខែកញ្ញា ឆ្នាំ២០២៤ នេះនៅតាមមូលដ្ឋាន​រស់នៅរៀងៗខ្លួន។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ​ការចុះឈ្មោះបោះឆ្នោតថ្មី នៅក្នុងក្រុងសំរោង​ សរុបបានចំនួន១០៧នាក់​ ស្រី៥៤នាក់។

គួរបញ្ជាក់ថា នៅថ្ងៃនេះឯកឧត្ដម អភិបាលខេត្ត បានចុះឈ្មោះផ្ទាល់ខ្លួន​ប្តូរការិយាល័យបោះឆ្នោត​ពី​រាជធានីភ្នំពេញ មកបោះឆ្នោតនៅខេត្តឧត្តរមានជ័យផងដែរ៕

CATEGORIES
Share This