សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ រួមនឹងថ្នាំញៀន៣៧ដុំ

ស្ទឹងត្រែង៖ ជនជាតិវៀតណាម២នាក់ នាំគ្រឿងញៀនឆ្លងដែន តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យរកឃើញនៅថ្នាំញៀនចំនួន២៧ដុំធំ និងប្រភេគ្រាប់ចំនួន១០ដុំ ដែលលាក់ទុកនៅរថយន្ដក្រុងចេញពីប្រទេសឡាវ ចូលមកកម្ពុជា។

កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍គរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បាន​ឲ្យដឹងថា ករណីដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ខាងលើ កាលពី​ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៤ ខណៈដែលកម្លាំងបានត្រួតពិនិត្យ​ឆែកឆេរ លើ​រថយន្តដឹកអ្នកដំណើរ ​ដែលមានពាក់ស្លាកលេខឡាវ ៧៩៧៩ មកពីប្រទេសឡាវ ឆ្លងកាត់​ចូលមក​ប្រទេសកម្ពុជា ចំនួន១គ្រឿង នៅគោលដៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ក៏បាន​រកឃើញថ្នាំញៀន​ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន២៧ដុំធំ​ និងថ្នាំគ្រាប់ចំនួន១០ដុំធំ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានបន្តឲ្យដឹងថា ក្រោយពីមានការរកឃើញ និងសង្ស័យក្នុងរថយន្ដ មាន​ផ្ទុកនៅសារធាតុញៀន កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារ ​បានសុំកិច្ចសហការជា​មួយ​កម្លាំង​សមត្ថកិច្ច​ការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋាន​ដែលពាក់ព័ន្ធ ​ដើម្បី​សហការត្រួត​ពិនិត្យបន្ថែម និង​បាន​បញ្ជូន​បន្តទៅកាន់​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ​អនុវត្តនីតិវិធីបន្ត៕

CATEGORIES
Share This