តាកែវ ៖ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ដែលរងការប្ដឹងពីមន្ដ្រីនគរបាល និងប្រជាពលរដ្ឋ ពីបទជំរិតទាប្រាក់ ត្រូវបាន ក្រសួងមហាផ្ទៃ ចាត់ឲ្យមន្ត្រី ចុះធ្វើការអង្កេតស្រាវជ្រាវពាក្យបណ្ដឹងទាំងអស់នេះ។
ក្រសួងមហាផ្ទៃចាត់តាំង ឲ្យ លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដឹកនាំសហការីចំនួន៥នាក់ចុះមកកាន់ខេត្តតាកែវ រយៈពេល៥ថ្ងៃ ចុះមកអង្កេតស្រាវជ្រាវលើលោកលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺយោងទៅតាមពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតាកែវ ដែលបានប្ដឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ស្នងការរងថា ពុំមានស្នាដៃ ក្នុងការបង្ក្រាបបទល្មើស គឺបានតែអួតអាងបង្កើតបក្សពួកគំរាមកំហែងថ្នាក់ក្រោមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
បើយោងតាមពាក្យបណ្ដឹងមន្ត្រីនគរបាល និងប្រជាពលរដ្ឋ ដែលអគ្គាធិការក្រសួងមហាផ្ទៃ ក៏បានផ្ញើជូនបន្តទៅសម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ទៀតថា កាលពីចុងឆ្នាំ ២០១៩ កន្លងមកនេះលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្សពួក បានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០០.០០០ដុល្លារអាមេរិក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ នៅពេលនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង និងលោកវរសេនីយ៍ទោ សេក ទូច រួមទាំង បក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជនជាតិវៀតណាម ចំនួន៣នាក់ និងជនជាតិខ្មែរចំនួន២នាក់ ជំរិតទាប្រាក់១០ម៉ឺនដុល្លារ និងបានដកហូតយកខ្សែដៃខ្សែកចិញ្ចៀន ពេជ្រ ពីជនរងគ្រោះដោយមាន លោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិកជាអ្នកបកប្រែ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងជនរងគ្រោះចំនួន ២នាក់ បានមកប្ដឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារវត្ថុ នៃក្រសួងការពារជាតិក្នុងគោលបំណងទាមទារអោយអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និងទាមទាយកសម្ភារៈដែលបានដកហូតពីជនរងគ្រោះត្រឡប់មកវិញ។
ក្រោយពីមានបណ្ដឹងតវ៉ា ក៏មានស្នងការរងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ មិនស្គាល់ឈ្មោះ បានយកសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ នៅរាជធានីភ្នំពេញ។ ករណីខាងលើនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង មកសាកសួរដំណើររឿងបង្ខាំងមនុស្សដោយខុសច្បាប់រួចម្ដងរួចមកហើយដែរ។ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង បានធ្វើឲ្យពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាចនិងបាត់ទំនុកចិត្តមកលើសមត្ថកិច្ចដែលជាអ្នករក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ ។
ពាក់ព័ន្ធ និងការចុះអង្កេតស្រាវជ្រាវពីសំណាក់មន្ត្រីក្រសួងមហាផ្ទៃទៅលើមន្ត្រីស្នងការរងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវមិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃនេះ ក៏ប៉ុន្តែប្រភពពីមន្ត្រីនគរបាលនៅស្នងការដ្ឋាន បានលួចបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ គឺជាមិត្តភ័ក្ដិស្និទ្ធស្នាលរបស់លោកស្នងការ ដែលទើបតែផ្ទេរមកពីខេត្តកំពត ឲ្យមកកាន់ជាស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៅខេត្តតាកែវ៕
សហការី ៖ 096 49 39 998