ជិះម៉ូតូធ្លាក់ជង្ហុក ដួល ត្រូវរថយន្តកិនពីលើ បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ក្មេងស្រី០១នាក់ បានជិះម៉ូតូធ្លាក់ជង្ហុកដួល ក៏ត្រូវរថយន្តបើកកិនពីលើ បណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពបន្តថា ដំបូងឡើយគេឃើញម៉ូតូម៉ាក HONDA TODAY ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AT-1813 បើកបរដោយក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ជង្ហុក ក៏ត្រូវរថយន្តម៉ាក highlander ពណ៌ស ០១គ្រឿង បើកបរទិសដៅពីកើតទៅលិច ជ្រុលមកកិនពីលើបណ្តាលអោយរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុរថយន្តបានបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This