គ្រឿងញៀន ៣វ៉ាលី.បម្រុងឆ្លងដែនចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវតម្រួតថៃបង្រ្កាប់បាន
បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្ទាក់បង្រ្កាបបានទាន់ពេល នូវគ្រឿងញៀនជាច្រើនដុំ រុំលាក់ទុកក្នុងវ៉ាលី ធ្វើដំណើរចំនួន៣ធំៗ បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រំដែនកម្ពុជា-ថៃ ក្នុងភូមិក្បាល់ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលបង្ក្រាបនោះ មានកម្មករអូសរទេះ បានទទួលវ៉ាលី ចំនួន៣ធំៗ ជារបស់អ្នកដំណើរចាកចេញពីប្រទេសថៃ ចូលមកកាន់កម្ពុជា ដោយមានការសង្ស័យ អំពីអាកប្បកិរិយាមិនប្រក្រតីរបស់ភ្ញៀវនោះ ទើបកម្មករអូសរទេះបានរាយការណ៍ ទៅកាន់តម្រួតថៃឲ្យត្រួតពិនិត្យ។ ភ្លាមៗ សមត្ថកិច្ចក៏បានឆែកឆេរវ៉ាលី ទាំងអស់នោះ ដោយរកឃើញដុំបួនជ្រុង រុំស្កត់ជាច្រើនជុំ ដែលមានភិនភាគស្រដៀងនឹងគ្រឿងញៀន។ សមត្ថកិច្ចថៃក៏បានប្រមូលយកវត្ថុតាង និងធ្វើកំណត់ហេតុសាកសួរបន្តស្រាវជ្រាវតាមនីតិវិធី ។
ចំពោះករណីនេះ បើតាមលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី៣ ដែរថា ករណីនេះខាងលោកកំពុងសើបសួរ ៕