លោក នាង ច័ន្ទថារ៉ា ជំរុញអោយកម្លាំងសន្តិសុខ ជាពិសេសប៉ុស្តិ៍ និងប្រជាការពារ ពង្រឹងការងារល្បាត ខណៈមួយរយៈនេះមានចោរលួច ឆក់ និងគាស់ផ្ទះ

បាត់ដំបង ៖ ក្នុងពិធីបំពាក់ឯកសណ្ឋានដល់ប្រជាការពារជាង២០នាក់ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងហានិភ័យ និងមានជីវភាពខ្វះខាតចំនួន ៣១គ្រួសារ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានជំរុញអោយកម្លាំងសន្តិសុខ ជាពិសេសប៉ុស្តិ៍និងប្រជាការពារ ពង្រឹងការងារល្បាត ខណៈមួយរយៈនេះមានចោរលួច ឆក់ គាស់ផ្ទះ។

លោក សំ ភិរម្យ មេឃុំនរា បានបញ្ជាក់ថា អំណោយនិងសម្ភារៈយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ខនិងប្រជាការពារនាពេលនេះគឺជាថវិកាមូលនិធិឃុំ ដែលជាកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលឆ្នាំ២០២៤ ហើយក្នុងនោះប្រជាពលរដ្ឋ ៣១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ,អង្ករ២៥គីឡូក្រាម ,មី០១កេះ ,ទឹកត្រី០១យួរ ,ទឹកស៊ីអ៊ីវ០១យួរ ,ត្រីខ០១យួរ និងថវិកា ៥០០០០រៀល ដោយឡែកប្រជាការពារ២២នាក់ ក្នុងម្នាក់ៗទទួលបាន ខោអាវ០១ឈុត ,មួក០១ ,និងពិលពាក់លើមួក០១ផងដែរដើម្បីពាក់ល្បាតការពារសន្តិសុខ។

បន្ថែមពីនេះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ ក្រៅពីជំរុញអោយកម្លាំងសន្តិសុខ កម្លាំងប៉ុស្តិ៍និងប្រជាការពារពង្រឹងការងារល្បាត លោកក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមជួយពេលដែលទទួលបានព័ត៌មានសង្ស័យណាមួយពាក់ព័ន្ធចោរលួច ឬមុខសញ្ញាគ្រឿងញៀនត្រូវរាយការណ៍បន្ទាន់ដើម្បីធ្វើការបង្ក្រាបកុំអោយមាននៅក្នុងសង្គមជាតិយើង ព្រោះគ្រឿងញៀនវាធ្វើអោយប៉ះពាល់ច្រើន ទីមួយរងគ្រោះ បាត់បង់ថវិកា និងមានទោសទាន់រហូតជាប់គុកផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This