សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន ដែលកំពុងរស់នៅ មណ្ឌលតេជោសន្តិភាព (ការ៉េពីរ)

បន្ទាយមានជ័យ ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមផងដែរពីលោក លោកស្រី សមាជិក សមាជិការ មកពីបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។

កិច្ចប្រជុំពិភាក្សានេះ គឺ ផ្តោតលើការចាត់តាំងក្រុមការងារចុះធ្វើបច្ចុប្បន្នភាព ចំពោះគ្រួសារអតីតយុទ្ធជន ដែលជាសមាជិក សមាជិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងនៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងកសិកម្ម នៅស្រុកភ្នំស្រុក ដើម្បីកំណត់ចំនួនមនុស្ស ចំនួនគ្រួសារ ចំនួនដី ចំនួនផ្ទះជាក់លាក់ និងបង្កភាពងាយស្រួលដល់គណកម្មការសមាគមគ្រប់គ្រង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំដែលជាសមាជិក មកពីគ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ លើតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសត្រូវឆ្លើយតបសំណូមពរ ឬដោះស្រាយបញ្ហាប្រឈមនានាជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

CATEGORIES
Share This