បង្កាត់ភ្លើងទុកចោល បង្កជាអគ្គិភ័យ ឆេះផ្ទះបាយ ០១ខ្នងទាំងស្រុង
បាត់ដំបង ៖ ផ្ទះបាយ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះនៅពេលដែលម្ចាស់ផ្ទះ បង្កាត់ភ្លើងទុកចោល នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ។
ផ្ទះបាយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្គសី កម្ពស់៣ម៉ែត្រជញ្ជាំងក្តា ខូចខាតទាំងស្រុងរួមជាមួយសម្ភារះប្រើប្រាស់ក្នុងផ្ទះបាយនឹងគ្រឿងបន្លាស់អាបុលឈូសដីផងដែរសរុបជាទឹកប្រាក់ចំនួន ៤០០០០០០រៀល(បួនលានរៀល)ដែលមានម្ចាស់ឈ្មោះ កូប សុផា ភេទប្រុស អាយុ៧១ឆ្នាំ និងប្រពន្ធ ឈ្មោះ អៀ ថា អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹក ចំនួន០៣ឡាន ទើបទប់ស្កាត់បាន មិនបណ្តាលអោយឆ្លងទៅផ្ទះនាក់ជិតខាងបន្ត ៕
ដោយ ៖ សាលី