លោកជំទាវ បាន ស្រីមុំ ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅ របស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជាផងដែរ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និង សក្តានុពលរបស់ខេត្ត ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ជប៉ុន-កម្ពុជា គឺជា មិត្ដដ៏ជិតស្និទ្ធ, មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសជប៉ុន និងប្រជាជនជប៉ុន កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ៖ ផ្លូវ ស្ពានសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។
ជាការឆ្លើយតប ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យ អស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕