រដ្ឋបាលឃុំនរា បន្តស្ថាបនាផ្លូវកៅស៊ូ០១ខ្សែ ដើម្បីសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

បាត់ដំបង ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាកាត់បន្ថយការចំណាយពេលវេលារបស់ប្រជាពលរដ្ឋក្នុងការជិះវាងផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង រដ្ឋបាលឃុំនរា បានបន្តស្ថាបនាផ្លូវកៅស៊ូ០១ខ្សែប្រវែង ១០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក សំ ភិរម្យ មេឃុំនរា បានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះថា នៅក្នុងអាណត្តិទី៥នេះ រដ្ឋបាលឃុំនរា អនុវត្តផែនការបានផ្លូវបេតុង០១ខ្សែប្រវែង ៥៧៥ម៉ែត្រដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៣ និងបានស្តារប្រឡាយទឹកពីព្រំប្រទល់រតនៈឆ្លងកាត់ផ្លូវសំរោង ភ្ជាប់ទៅអូរមុន្នី និងបានធ្វើលូឆ្លងកាត់ផ្លូវមុខ៣០ម៉ែត្រ ហើយបានជួសជុលផ្លូវលំដែលខូចខាតចំនួន០៧ខ្សែ សរុបប្រវែងជិត៧គីឡូម៉ែត្រ ដែលជាថវិការបស់សប្បុរសជននិងបងប្អូនប្រជាពលរដ្ឋ។

លោកបន្តថា  ដោយមានការស្នើសុំពីប្រធានមន្ទីរសាធារណការ សមិទ្ធផលថ្មីនៅឆ្នាំ២០២៤នេះ យើងបានផ្លូវកៅស៊ូ០១ខ្សែ ចេញពីផ្សារនរាទៅដល់វត្តអណ្តូងត្នោត ប្រវែង ៤៧០០ម៉ែត្រដែលជាថវិការបស់មន្ទីរ និងបានស្នើសុំបន្តធ្វើការជួសជុលផ្លូវនេះឡើងវិញដែលមានប្រវែង ១០០០ម៉ែត្រ ហើយបន្តបន្ទាប់ទៀតក៏បានធ្វើផ្លូវបេតុង០១ខ្សែទៀតប្រវែង ៨៨៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ ដែលជាកញ្ចប់ថវិកាឃុំ ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក៏បានសម្តែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលអាជ្ញាធរបានយកចិត្តទុកដាក់ស្ថាបនាផ្លូវនេះឡើងវិញ និងសូមសំណូមពរទៅដល់បងប្អូនដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែរក្សាទាំងផ្លូវនិងបរិស្ថាន ពិសេសបើកបរកុំអោយលឿនជ្រុល វានាំធ្វើអោយប៉ះពាល់ទៅដល់អាយុជីវិតខ្លួនឯងនិងអ្នកដ៏ទៃ ៕

ដោយ ៖ សាលី

CATEGORIES
Share This