មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យមន្ទីរ និងប្រជាពលរដ្ឋ រួមគ្នាថែទាំផ្លូវ ដើម្បីធានាដល់ការប្រើប្រាស់
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ លោក ទ្រី មេង បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងអ្នកដែលបើកបរយានយន្តគ្រប់ប្រភេទ ឱ្យចូលរួមថែទាំផ្លូវដែលរាជរដ្ឋាភិបាល បានស្ថាបនាឡើង តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ការក្រើនរំឭកដូច្នេះ ធ្វើឡើងគ្រាដែលលោកដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំប្រចាំ(លេខDRR-RM-2024-No 035)ប្រើប្រាស់ថវិកាជំពូក៦១ លើផ្លូវចំនួន១៥ខ្សែ ដោយធ្វើការថែទាំលក្ខណៈប្រចាំ មានក្រាលកៅស៊ូ២ជាន់ និងគ្រួសក្រហម ល្បាយគ្រួសក្រហម ស្ថិតក្នុងស្រុក៥នៃខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។
លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវគ្រួសក្រហមដែលគណកម្មការអន្តរក្រសួង ចុះពិនិត្យវាយតំលៃ មានចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកចំនួន៥ គឺ ស្រុកសាមគ្គីមុនីជ័យ, ស្រុកសំរោងទង, ស្រុលថ្ពង, ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។ ផ្លូវទាំង១៥ខ្សែ គឺ បានធ្វើការថែទាំលក្ខណៈប្រចាំ មានក្រាលកៅស៊ូ២ជាន់ចំនួន៣ខ្សែ ប្រវែងសរុបជាង៥៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ និងផ្លូវថែទាំលក្ខណៈប្រចាំក្រាលគ្រួសក្រហម និងល្បាយគ្រួសក្រហម ចំនួន ១២ខ្សែប្រវែងសរុបជាង១២០ គីឡូម៉ែត្រ។ ផ្លូវទាំង១៥ខ្សែនេះបានសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ទូទាំងខេត្ត អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ប្រើប្រាស់ថវិកាជំពូក៦១ ។
ទន្ទឹមនោះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺលោក អៀង ដាំ បានបញ្ជាក់បន្ថែមថា ក្រោយចុះត្រួតពិនិត្យ ដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១៥ខ្សែរួចមក មន្ត្រីអង្គភាពលទ្ធកម្ម មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន ប្រធានការិយាល័យផ្លូវជនបទ បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ឱ្យបន្តការតាមដាននិងថែទាំផ្លូវគ្រួសក្រហមនិងផ្លូវក្រាលកៅស៊ូទាំងអស់ដែលស្ថិតក្នុងគម្រោងនិងជាសមិទ្ធិផលថ្មីក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋលើបណ្តាក្រុង-ស្រុកទាំង៩ ឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយទៅភូមិមួយប្រកបដោយសុវត្ថិភាពនិងយូរអង្វែង។
លោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានរំលឹកពីស្ថានភាពភូមិសាស្ត្រនៃស្រុកទាំង៥ខាងលើថា កាលដើមឡើយគឺជាស្រុកដែលរងគ្រោះដោយការប្រទាញប្រទង់គ្នាដោយចុងអាវុធ គ្មានពេលវេលាក្នុងការអភិវឌ្ឍន៍។ប្រជាពលរដ្ឋធ្វើដំណើរទៅមកបានត្រឹមតែរទេះគោឬម៉ូតូប៉ុណ្ណោះ។តែក្រោយទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នឈ្នះ និងក្រោមការគិតគូរបស់រាជរដ្ឋាភិបាល បានធ្វើការស្ថាបនាផ្លូវពីទីប្រជុំជនរហូតដល់ទីជនបទជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនផល អនុផលដែលបងប្អូនប្រជាពលរដ្ឋធ្វើបានមកកាន់ទីផ្សារ។
លោក ទ្រី មេង បានគូសបញ្ជាក់បន្ថែមថា តាមរយៈការគិតគូនេះក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំក្នុងការស្ថាបនានិងស្តារឡើងវិញនូវផ្លូវជនបទទាំងអស់ក្នុងខេត្តកំពង់ស្ពឺខ្លះជាផ្លូវកៅស៊ូ ខ្លះជាផ្លូវក្រាលគ្រួសក្រហម ល្បាយគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ។ហើយក្រោយការស្ថាបនានិងស្តារបានរួចរាល់ ពិសេសផ្លូវទាំង១៥ខ្សែនេះនិងជួយជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យមានការរីកចម្រើនលើសពីការរំពឹងទុកតាមរយៈការដឹកជញ្ជូនផល អនុផលដែលពួកគាត់ធ្វើបានយកមកកាន់ទីផ្សារ ហើយពិសេសជាងនេះគឺធ្វើឱ្យអចលនទ្រព្យរបស់ពួកគាត់ឡើងថ្លៃបន្ថែមមួយកម្រិតទៀតផងដែរ ៕
ដោយ ៖ ប៊ុត សារុន