ស្រវឹងស្រារហូតទាស់សម្តីគ្នា យកកាំបិតចាក់ មនុស្ស០៣នាក់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ០៣នាក់អោយរងរបួស។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៣ ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យផឹកស្រាស្រវឹងរួចទៅរករឿងគេ រហូតទាស់សំដីឈានដល់យកកូនកាំបិតចិតបន្លែចាក់ប្រហារទៅលើជនរងគ្រោះ០៣នាក់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ទូ ទិត្យ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកជនរងគ្រោះទី១ឈ្មោះ អ៊ិន អ៊ាម ភេទប្រុស អាយុ៥៩ឆ្នាំ របួសលើទ្រូងខាងឆ្វេង, ទី២-ឈ្មោះ ផាន់ សារី ភេទប្រុស អាយុ៥៩ឆ្នាំ របួសបំពង់កខាងឆ្វេង ទី៣-ឈ្មោះ ហ៊ុល សំបូរ ភេទប្រុស អាយុ៥៩ឆ្នាំ របួសបំពង់កខាងស្ដាំ(ស្រាល)។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាចាប់ខ្លួនលេខ ១៩៧ ដែលចេញដោយចៅក្រមជំនុំជម្រះ ឃី ឆៃ ពីបទហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This