ប្រជាពុទ្ធបរិស័ទ ជាង២ម៉ឺននាក់ បានមកជួបជុំ នៅបរិវេណខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ ដើម្បីសុំពរជ័យ ពីព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី
បាត់ដំបង ៖ ប្រជាពុទ្ធបរិស័ទ ជាង២ម៉ឺននាក់ បានមកជួបជុំនៅ បរិវេណខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង (អគារសាលាខេត្តចាស់) ក្រុងបាត់ដំបង ដើម្បីសុំពរជ័យ សេរីសួស្តីពីព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ។
ក្នុងដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែន និងតាមបណ្តាស្រុក ក្រុង នៃខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះដែរ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បានមានសង្ឃដីកាអំពាវនាវទៅដល់បងប្អូនជនរួមជាតិនិងប្រជាពលរដ្ឋទាំងអស់សូមអោយរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងនាមជាយើងជាខ្មែរដែលកំពុងរស់នៅក្នុងទឹកដីរបស់ខ្លួន និងសូមអោយខ្មែរគ្រប់រូបមាននូវវាចារណញ្ញាណគិតពីផលប្រយោជន៍ជាតិជាធំ បញ្ឈប់នូវពាក្យបោះបោកអោយខ្មែរបែកបាក់គ្នា ។
បន្ថែមពីនេះព្រះអង្គព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី សូមអោយខ្មែរទាំងអស់រួបរួមសាមគ្គីគ្នា ព្រោះពាក្យថាខ្មែរគ្មាននរណាមួយដែលស្អប់ទឹកដីខ្លួនឯង គ្មាននរណាមួយដែលស្អប់ប្រជាជាតិខ្លួនឯងទេ គឺគ្រាន់តែព្រោះតែមានផ្ទាំងគំនិតខុសគ្នាខ្លះ ឬក៏មានទស្សនៈខុសគ្នាខ្លះ ធ្វើអោយយើងយល់ច្រឡំរវាងគ្នានិងគ្នា ហើយបង្កអោយបានជាការចោទប្រកាន់គ្នាទៅវិញទៅមក ដូច្នេះសូមត្រឡប់មកសាមគ្គីគ្នាជាថ្មី ៕
ដោយ ៖ សាលី