លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ផែនការ ៧ចំណុច ឲ្យកម្លាំងនគរបាលអនុវត្តយ៉ាងម៉ឺងម៉ាត់

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការ ៧ចំណុចឲ្យកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ អនុវត្តយ៉ាងម៉ឺងម៉ាត់ ។

ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ។

ផែនការទាំង ៧ចំណុចខាងលើ រួមមាន ៖ ១-ជម្រុញអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងការប្រមូលផ្តុំតវ៉ាផ្សេងៗ។ ២-ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាពរបស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(DTA)។ ៣-ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានាដល់ការគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ៤-កម្លាំងអធិការនគរបាលក្រុង/ស្រុក ត្រូវសហការជាមួយអាជ្ញាធរដែនដី ធ្វើសកម្មភាពឃោសនាឲ្យបានសកម្ម ដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពាក់ព័ន្ធតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(DTA)។ ៥-ត្រូវធ្វើការប្រមូលកម្លាំង ប្រជុំដាក់ផែនការពង្រឹងលើការងារការពារបូរណះភាពដែនដី ការងារការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និងការវិវាទផ្សេងៗ ។ ៦-បន្តពង្រឹងការផ្តល់សេវាសាធារណះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសសិស្សសាលាដែលទើបគ្រប់អាយុ។ ៧-ត្រូវបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានល្អ ៕

CATEGORIES
Share This