អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះបន្លែសុវត្ថិភាព ឱ្យបានច្រើន ខណៈតម្រូវការនិងតម្លៃទីផ្សារខ្ពស់
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះបន្លែសុវត្ថិភាព ឱ្យបានច្រើនបន្ថែមទៀត ខណៈដែលដំណាំប្រភេទនេះ កំពុងមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ដែលអាចធ្វើឱ្យជីវភាពក្រុមគ្រួសារបងប្អូនកាន់តែប្រសើរឡើង។
ការណ៍នេះគ្រាដែលដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពងស្ពឺ និងមន្ទីរអង្គភាពពាក់ពន្ធ័ចុះ ពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងដោយគូសបញ្ជាក់ថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានកំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យកម្រិតជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលជាហេតុ ឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដែលមានគុណភាព និងសុវត្ថិភាពជាចំបង។ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិត ដើម្បីផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាបាននិងកំពុងកាត់បន្ថយការនាំចូលពីខាងក្រៅផងដែរ។
អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងដោយគូសបញ្ជាក់បន្ថែមថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនាពេលកន្លងមក ក្រសួងក៏ដូចមន្ទីរកសិកម្មបានខិតខំជម្រុញការប្រមូលផ្តុំនិងប្រើប្រាស់ធនធានសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀរគរជំនួយ ពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្ត ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ការជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។
មិនតែប៉ណ្ណោះក៏បានជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ដើម្បីកាត់បន្ថយពលកម្ម កាត់បន្ថយដើមទុនផលិត ប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល និងជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុក ក្នុងទូត្រជាក់ដើម្បីបង្កើនតម្លៃបន្ថែម រក្សាផលិតផលបានយូរ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានាគុណភាព សុវត្ថិភាព និងស្តង់ដារនិងការដឹកជញ្ជូន។
ទន្ទឹមនោះលោក ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យទេសចរណ៍ បន្លែនិងដំណាំមួយជាច្រើនទៀតសម្រាប់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងបានបង្កើតការងារជូន ពលរដ្ឋទូទាំងខេត្ត។ពិសេសជាងនេះ ប្រឡាយមេរំដោះទឹកនិងបង្វាងទឹកដែលជាគម្រោងរបស់រាជរដ្ឋាភិបាលគឺបាននិងកំពុងស្ថាបនាបានជិតរួចរាល់ដែលជាប្រភពទឹកអាចផ្តល់ការស្រោចស្រពបានខួបប្រាំងវស្សាដល់ដំណាំគ្រប់ប្រភេទ ហើយពិសេសជាងនេះក៏ជាប្រភពនៃធនធានមច្ឆជាតិផងដែរ ៕
ដោយ ៖ ប៊ុត សារុន