បិទយុទ្ធនាការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ នៅខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជាដង្ហែធំជាងគេ

បន្ទាយមានជ័យ ៖ ថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តបន្ទាយមានជ័យ នៅតាមបណ្តាឃុំ សង្កាត់ ទាំង៦៧នៃ៩ស្រុកក្រុង សម្រាប់គណប្រជាជនកម្ពុជា បានដង្ហែទ្រង់ទ្រាយមធ្យម និងធំដើម្បីបិទយុទ្ធនាការដែលមានរយ:ពេល១៤ថ្ងៃមកនេះ ។

ក្នុងនោះ នៅសង្កាត់នានា របស់ក្រុងប៉ោយប៉ែត ដែលដង្ហែរួមគ្នាទាំង៥សង្កាត់ ដឹកនាំដោយឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងនៅសង្កាត់នានា នៃក្រុងសិរីសោភ័ណ ដឹកនាំយុទ្ធនាការដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្ស ដោយឡែកចំពោះនៅឃុំនានានៃស្រុក៧ទៀត ដឹកនាំដោយមន្ត្រីថ្នាក់ដឹកនាំនានា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងខ្លីពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខលើការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍ឃុំ សង្កាត់ ក៏ដូចជាថែក្សាសន្តិភាព ការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពពលរដ្ឋអោយរីកចម្រើន  សុខសុវត្ថិភាព សុខភមង្គលជាដើម ដូច្នេះ សូមអោយសមាជិក សមាជិកាគណបក្ស និងពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមលេខរៀងឃុំ សង្កាត់ ដើម្បីបានបេក្ខជនគណបក្សបានដឹកនាំមូលដ្ឋានបន្តទៀត ។

ចំណែកគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំង និងគណបក្ស៩ផ្សេងទៀត ដែលបានចុះឈ្មោះបេក្ខជន/នារី ក្នុងខេត្តបន្ទាយមានជ័យ មានធ្វើសកម្មភាពឃោសនាតិចតួច និងតូចតាចប៉ុណ្ណោះ ។

ចំពោះសន្តិសុខ  សណ្តាប់ធ្នាប់ បរិយាកាសទូទៅក្នុងដំណើរការនេះ បានប្រព្រឹត្តទៅដោយរលូន ល្អប្រសើរដូចជាថ្ងៃបើក កណ្តាលនៃយុទ្ធនាការដែរ ៕

CATEGORIES
Share This