រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ពិនិត្យ​​​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ (​ត្រី​នាគ​) ​សម្រាប់​នាំ​​ចេញទៅ​ប្រទេស​ចិន

48

កណ្ដាល ៖ ​ក្រុមហ៊ុន​ចិន ក្រោយ​បើក​ដំណើរការ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ប្រភេទ​ត្រី​លម្អ នៅ​កម្ពុជា​មក កសិដ្ឋាន​នេះ​ មានលទ្ធភាព​នាំ​ត្រី​ទាំងនោះ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​សរុប​ប្រមាណ​ជាង៦​ពាន់​ក្បាល នៅ​ក្នុង​មួយឆ្នាំ​។

ក្នុងឱកាស​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial Co., Ltd ​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​២១ មករា ឆ្នាំ​២០២១​ កន្លងទៅនេះ​ លោក លី ស៊ីវ​ឈី​ន​ (Li Xuequn) អ្នកគ្រប់គ្រង​ទូទៅ​ បានឱ្យដឹងថា ​កសិដ្ឋាន​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៧​ ដោយ​ចំណាយ​ទុន​វិនិយោគ​ចំនួន ៤​លាន​ដុល្លារ​។ បច្ចុប្បន្ន​មាន​ចិញ្ចឹម​ត្រី​លម្អ (​ត្រី​នាគ​) នាំ​ពូជ​ចូល​ពី​ប្រទេស​ចិន ត្រី​បបែល​ទឹកសាប និង​ត្រី​ទឹកសាប​កម្ពុជា​ជាច្រើន​ប្រភេទ​ទៀត​។

លោក ​ឱ្យដឹងទៀតថា នៅ​ឆ្នាំ​ដំបូង កសិដ្ឋាន​គ្រោង​នាំចេញ​ប្រមាណ ​៦,០០០​ក្បាល​ ក្នុងនោះ​ត្រី​នាគ​ជាង ១,០០០​ក្បាល ក្នុង​១​ឆ្នាំ និង​ត្រី​បបែល​ជាង ៥​ពាន់​ក្បាល ក្នុង​១​ឆ្នាំ ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​គិត​ក្នុង​តម្លៃ​ត្រី​នាគ​ពេញវ័យ​លក់​បាន ១,០០០​ដុល្លារ​ ក្នុង​១​ក្បាល ​និង​ត្រី​បបែល ​២០០​ដុល្លារ ក្នុង​១​ក្បាល​។​ លោក​ បាន​បញ្ជាក់ថា​ ចំពោះ​កសិដ្ឋាន​នេះ ​ប្រើ​កម្មករ​សរុប ៥០​នាក់​ ក្នុងនោះ​មាន​អ្នក​ជំនាញ​ជលផល​ទាំង​ខ្មែរ​ និង​ចិន​ចំនួន ១០​នាក់​។

បន្ទាប់ពី​បាន​ពិនិត្យ​សកម្មភាព​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​កសិដ្ឋាន ​និង​ជ្រាប​អំពី​ដំណើរការ​នៃ​ការ​វិនិយោគ រួចមក ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះ​ទុន​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ ​ដែល​សកម្មភាព​នេះ​សមស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ​សំដៅ​លើកស្ទួយ​វិស័យ​វារីវប្បកម្ម ​និង​ការនាំចេញ​ត្រី​លម្អ ក្នុង​ការ​ចូលរួម​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​។

ព្រម​ជាមួយ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេច ​បាន​នាពេល​បច្ចុប្បន្ន ​ឯកឧត្តម​ បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ត្រៀម​រៀបចំ​ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ដល់​ការ​ចិញ្ចឹម ​សម្រាប់​ឈាន​ទៅដល់​ការរៀបចំ​ពិធីសារ​នាំចេញ​ត្រី​លម្អ​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ធ្វើការ​ទំនាក់​ទំនងជា​មួយ​អគ្គ​រដ្ឋបាល​គយ​ចិន ​ស្នើសុំ​បែបបទ ឬ​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​នានា​ពី​ភាគី​ចិន​ជា​ជំហាន​បឋម ដើម្បី​ឲ្យ​ដំណើរការ​នាំចេញ​នាពេល​ខាងមុខ​ប្រព្រឹត្ត​ទៅដោយ​រលូន ចៀសវាង​ការ​កកស្ទះ​ផលិតផល​ដែល​កសិដ្ឋាន​ចិញ្ចឹម​បាន​។

ជាមួយគ្នានេះ ឯកឧត្តម បាន​លើកទឹកចិត្ត​ក្រុមហ៊ុន ដោយ​បញ្ជាក់ថា​ ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ សម្របសម្រួល ដើម្បី​ឲ្យ​ដំណើរការ​វិនិយោគ​ចិញ្ចឹម​ត្រី​លម្អ ​និង​ដំណើរ​ការនាំ ចេញ​ត្រី​លម្អ​នេះ​ សម្រេច​ទទួល​បាន​ជោគជ័យ​៕

ចំណែក