IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគម ចំនួន ២០ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន ២០ស្ថាប័ន បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះគំនិតប្រកបដោយឧត្តមគតិស្នេហាជាតិខ្ពស់ និងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់ផលប្រយោជន៍សង្គមជាតិ ពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យ ដែលមានសក្តានុពលជាច្រើនផ្សេងទៀត ដូចជា៖ ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ការកសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងសិប្បកម្ម និងការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសទាំងបី “កម្ពុជា-ឡាវ-វៀតណាម” ក្នុងគោលដៅ នៃការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ជាងនេះទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគីនិងពហុភាគី ដោយមានការជឿជាក់ និងផ្តល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិ- បាលបច្ចុប្បន្នដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២០ បានបន្តទៀតថា ជាមួយគ្នានេះយើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មេត្តាចៀសវាងនូវព័ត៌មានមិនពិត មានលក្ខណៈមូលបង្កាច់ ញុះញង់ បំពុលសង្គម ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ប្រើដើម្បីកេងចំណេញផ្នែកនយោបាយ ដែលជាផ្នែកមួយនៃផែនការដ៏ខ្មៅងងឹតរបស់ពួកគេ។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយមទាំងនោះ ឱ្យបានម៉ឺងម៉ាត់បំផុត។

សូមបញ្ជាក់ថា សម្ព័ន្ធអង្គការ សមាគមទាំង២០ រួមមាន ៖ (១). សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ, (២). អង្គការលើកកំពស់ជីវភាពកសិករ, (៣). អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា, (៤). សមាគមពិធីករ ពិធីការិនីកម្ពុជា, (៥). សមាគមនិស្សិត សិស្សខេត្តព្រៃវែង, (៦). អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន, (៧). អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក, (៨). សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា, (៩). អង្គការត្បូងទទឹមកម្ពុជា, (១០). អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា, (១១). អង្គការសហព័ន្ធអង្គការស្ត្រីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, (១២). អង្គការពន្លឺអភិវឌ្ឍន៍ជនក្រីក្រ, (១៣). សមាគមស្ត្រីសម្រាប់សំរាប់អភិវឌ្ឍន៍សិទ្ធិមនុស្ស ឧស្សាហកម្ម កសិកម្ម, (១៤). សមាគមអរុណរះ, (១៥). សមាគមសម្ព័ន្ធស្ត្រីខ្មែរការពារសិទ្ធិមនុស្ស ដើម្បីអភិវឌ្ឍន៍, (១៦). អង្គការសហគមន៍គ្រួសារអភិវឌ្ឍកសិកម្ម, (១៧). អង្គការខេមរា, (១៨). អង្គការអភិវឌ្ឍសេដ្ឋកិច្ច អតីតយុទ្ធជនកម្ពុជា, (១៩). អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ និង(២០). សមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា៕

CATEGORIES
Share This