ផ្លូវមួយខ្សែ ប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ក្រោយរងការខូចខាតធ្ងន់ធ្ងរ ដោយការដឹកធ្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ថ្ម ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិលេខ៣ចំនុចផ្សារប៉ាង្កសីត្រូវបានជួសជុលឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរបណ្តោះអាសន្ន ក្រោយមានការណែនាំពីអភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ ក្នុងជំនួបជាមួយក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែទាំង៤៩នៅក្នុងខេត្តកាលពីពេលកន្លងមក ដែលការជួសជុលនេះបានបើកការដ្ឋាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។

នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញនូវកំណាត់ផ្លូវមួយខ្សែនេះលោក ជាម ច័ន្ទសោភ័ណ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ផ្លូវគឺមានសារៈសំខាន់បំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាននិងឆ្លងកាត់ ពិសេសគឺជាតំណរនៃការផ្សារភ្ជាប់គ្នារវាងសេដ្ឋកិច្ចពលរដ្ឋនិងពលរដ្ឋពីមូលដ្ឋានទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត នោះដង្ហើមសេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា តាមរយៈការនាំដឹកនាំផលិតផលដែលធ្វើបានយកមកកាន់ទីផ្សារ និងតាមរយៈទេសចរផងដែរ ។

ទន្ទឹមនោះអភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ ក៏បានលើកឡើងដោយគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានកំណត់យកផ្លូវជាអាទិភាពគន្លឹះក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការកសាងផ្លូវពីទីប្រជុំជនទៅគ្រប់ទីជនបទ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដឹកនូវផល អនុផល ដែលពួកគាត់ធ្វើបានយកមកទីផ្សារ ពិសេសកសិផលតែម្តង ។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺលោកក៏បានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចុះពិនិត្យមើលឱ្យបានទៀងទាត់នូវផ្លូវតូចធំ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងផ្លូវនៅក្នុងឃុំទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ  ហើយត្រូវប្រាកដថាផ្លូវទាំងអស់នោះ ជាផ្លូវដែលធ្វើដំណើរបានយ៉ាងងាយស្រួល សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រ សហគ្រាស និងប្រជាកសិករបានដឹកជញ្ជូនផលិតផលកសិកម្ម ពីតំបន់មួយទៅតំបន់មួយ ពីស្រុកមួយ ទៅស្រុកមួយ ពីខេត្តមួយ ទៅខេតមួយទៀតបានយ៉ាងងាយស្រួល ហើយត្រូវឆ្លើយតបឱ្យទាន់ពេលវេលាក្នុងករណីផ្លូវរងការខូចខាត។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនិងអាជ្ញាធរ ត្រូវសហការឱ្យបានល្អជាមួយក្រុមហ៊ុនទាំងអស់ដែលអាស្រ័យផលលើផ្លូវក្នុងមូលដ្ឋាន ត្រូវសហការគ្នាជួសជុលឱ្យទាន់ពេលវេលានៅពេលផ្លូវរងការខូចខាតដោយមិនត្រូវទុកឱ្យផ្លូវខូចធ្ងន់ធ្ងរនោះឡើយ ធ្វើយ៉ាងណាឱ្យផ្លូវក្នុងមូលដ្ឋានទាំងអស់ ត្រូវតែមានលក្ខណៈល្អប្រសើរឡើង។ ហើយជាងនេះមន្ទីរដែលមានភារៈជួសជុល ថែទាំនិងស្ថាបនាផ្លូវ ត្រូវរៀបចំផែនការស្នើកញ្ចប់ថវិកាថ្នាក់ជាតិមកជួសជុល ឬធ្វើផ្លូវ ក្នុងខេត្តកំពង់ស្ពឺអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបរបរចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃឱ្យកាន់តែប្រសើរហើយអាជ្ញាធរភូមិ-ឃុំ ស្រុក ខេត្ត ត្រូវចូលរួមទាំងអស់គ្នាក្នុងការថែទាំផ្លូវដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង ។

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This