អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់អូរអំបិល

បន្ទាយមានជ័យ ៖ ផ្លូវបេតុងមួយខ្សែទៀតហើយ ត្រូវបានបើកការដ្ឋានសាងសង់ ជូនប្រជាពលរដ្ឋធ្វើដំណើរ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមីថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផ្លូវបេតុងមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងក្រុងសិរីសោភ័ណ ត្រង់ចំណុចមុខមណ្ឌលសុខភាពអូរអំបិល ទៅផ្លូវហាយវេវាងក្រុង របស់ខេត្តបន្ទាយមានជ័យ ។ ផ្លូវនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល មិនហុយ និងមិនជាប់ផុង ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានផ្លូវបេតុង ដែលអាចធ្វើដំណើរបានងាយស្រួលហើយ សូមកុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់គ្នា ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ឆ្លើយតបទៅនឹង ការបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងនូវក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋតាមរយៈការស្ថាបនាផ្លូវបេតុងនាពេលនេះ ៕

CATEGORIES
Share This