លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យសាងសង់តូបជួលលើដីចំណីផ្លូវសាធារណៈ ខណៈពលរដ្ឋកំពុងរុះរើតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន
បន្ទាយមានជ័យ ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ដែលជាអ្នកអនុវត្តច្បាប់ បែរជាយកចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជីវករ បានយ៉ាងរលូន មិនមានការរ៉េរាំង ពីអាជ្ញាធរមូលដ្ឋាន ខណៈដែលពលរដ្ឋក្រុងប៉ោយប៉ែត កំពុងរុះរើសំយ៉ាប ឬសំណង់នានា ដែលបំពានដីចំណីផ្លូវសាធារណៈ ទៅតាមការជូនដំណឹង និងការចុះណែនាំពីអាជ្ញាធរក្រុងសង្កាត់យ៉ាងតឹងរឹង ពីការៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ។
ជំវិញករណីសាងសង់តូបរំលោភលើដីចំណីផ្លូវនេះលោក ង៉ោ ម៉េងជ្រួន បានឲ្យអ្នកសារព័ត័មានដឹងថាដោយសារពីមុន មានពលរដ្ឋបានមកសាងសង់សំណង់មិនរៀបរយ នៅខាងមុខដីរបស់លោក ដោយហៀរលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ទើបគ្រួសាររបស់លោក បានឱ្យធ្វើការរុះរើចេញ ។ ដោយមើលឃើញដីទំនេរ មានអ្នកមួយចំនួនបានយកកាកសំណល់ មកបោះចោលពាសវាលពាសកាល ទើបពេលនេះគ្រួសាររបស់លោក បានរៀបចំធ្វើជាតូបជួល ដោយផ្សារដែកប្រក់ស័ង្កសីពីលើ និងរៀបឥតធ្វើបន្ទប់ទឹក ព្រមទាំងដាក់ភ្លើងសូឡាបំភ្លឺផ្លូវ រៀបការឡាខាងមុខតូបសម្រាប់អ្នកថ្មើរជើង ដើម្បីលើកសោភ័ណភាពទីក្រុងឲ្យបានស្រស់ស្អាតមួយកម្រិត ។
លោកបញ្ជាក់ថា ការធ្វើនេះ វាប៉ះពាល់លើចំណីផ្លូវរបស់រដ្ឋខ្លះបន្តិចមែន តែបានឃ្លាតពីផ្លូវ ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ តាមការណែនាំរបស់អាជ្ញាធរ ហើយនាពេលថ្ងៃអនាគត បើរដ្ឋត្រូវការពង្រីកផ្លូវមានការប៉ះពាល់លោកនឹងរើចេញដោយមិនមានលក្ខខណ្ឌ។
ទោះយ៉ាងនេះក្តី មហាជនបានលើកថា ក្នុងនាមលោកជាអភិបាលរងខេត្ត ដែលជាអ្នកអនុវត្តច្បាប់ផងនោះ គួរតែធ្វើជាគំរូល្អ សម្រាប់អ្នកផ្សេងៗទៀត ។
ក្រៅពីការសង់សំណងលើដីចំណីផ្លូវ របស់គ្រួសារលោកង៉ោ ម៉េងជ្រួន ក៏មានសំណងមួយកន្លែងទៀត នៅចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខាងមុខភូមិគ្រឹះឈ្មោះ ថា ណាឡុង ក៏មានការសាងសង់បេតុងក្រវ៉ាត់បង្គោលដែក បម្រុងរៀបឥតក្រហម ដំបូលប្រក់ស័ង្កសីទំហំ៣គុណ៩ម៉ែត្រ តែត្រូវបានសមាជិកក្រុមប្រឹក្សា នាយរងប៉ុស្តិ៍នគរបាល និងមេភូមិ ចុះណែនាំនឹងធ្វើកិច្ចសន្យា មិនឱ្យធ្វើបន្តទៀតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ តែរហូតមកដល់ពេលនេះ ទីតាំងខាងលើ នៅតែបន្តធ្វើសកម្មភាពដោយរលូន ទោះបីអាជ្ញាធរនិងសមត្ថកិច្ច ធ្វើការហាមឃាត់យ៉ាងណាក្តី ។
ពលរដ្ឋស្នេីឲ្យថ្នាក់ដឹកនាំ ដែលមានឥទ្ធិពល ចុះត្រួតពិនិត្យមើល ទីតាំងទាំងពីខាងលើនេះផង ដើម្បីជាមេរៀនសម្រាប់អ្នកក្រោយ ពិសេសបញ្ជៀសការរិះគន់ពីមហាជនថា ការអនុវត្តច្បាប់លំអៀង ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ត្រូវនឹងរដូវវស្សាផងនោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង ស្ដីអំ ពីការរៀបចំសណ្ដាប់ធ្នាប់ និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់ និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុង ។ ក្រោយមកអាជ្ញាធរក្រុង សង្កាត់ រួមនិងកងកម្លាំងចម្រុះ ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងផងដែរ ក្នុងការចុះអនុវត្តឱ្យប្រជាពលរដ្ឋរុះរើដោយស្ម័គ្រចិត្ត ដោយទុក្ខរយៈពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរុះរើសទេ អាជ្ញាធរនឹងធ្វើការរុះរើសដោយខ្លួនឯងខូចខាតមិនទទួលខុសត្រូវ ។ ក្នុងវិធានការនោះ អាជ្ញាធរក៏បានប្រកាសមិនអនុញ្ញាត ឲ្យដាក់ទំនិញ ឬរបស់របបប្រើប្រាស់ផ្សេងៗ នៅលើកន្លែងដែលធ្វើការកាត់ ឬរុះរើរួចហើយផងដែរ បើពុំដូច្នោះទេ អាជ្ញាធរនឹងប្រមូលយកទៅទុកទាំងអស់ ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់បីដូចជា មានការស្ងប់ស្ងាត់ទៅវិញ៕