លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត ប្រារព្ធពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង០៩:០៩នាទីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុក មេបញ្ជាការវីរៈនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគរបាលទូទាំងខេត្ត បានប្រារព្ធពិធី វាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត។
ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះ ធ្វើឡើងចំពេល ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនទំនិញ វិស័យអចលនទ្រព្យ និងការវិនិយោគផ្សេងៗ នឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពខាងសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត៕