នគរបាលច្រក​ទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត និងអាជីវករឆ្លងកាត់ច្រកទ្វារ ចូលរួមគាំទ្រ និងមានមោទនភាព ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន

បន្ទាយមានជ័យ ៖ ក្នុងឱកាសដែលរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងអាជីវករ ពលរដ្ឋខ្មែរ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងមានមោទនភាព លើការបើកការដ្ឋានសាងសង់ព្រែកហ្វូណានតេជោ ដែលនឹងនាំទៅរកភាពរីកចម្រើន នាពេលខាងមុខ លើវិស័យដឹកជញ្ជូនផ្លូវទឹក និងវិស័យកសិកម្ម។

ការសម្ដែងការគាំទ្រនេះដែរ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ក៏បានដឹកនាំមន្ត្រីនគរបាល និងមានចូលរួមផងដែរពីខាងភាគីថៃ ធ្វើពិធី វាយគង វាយជួង ទូងស្គរ គោះត្រដោក លេងឆៃយ៉ាំ សម្តែងការគាំទ្រការបើកការដ្ឋានសាងសង់ព្រែកហ្វូណនតេជោ ប្រកបដោយភាពសប្បាយរីករាយ ។

ជាមួយនឹងការគាំទ្រនេះដែរ ទូទាំងខេត្តបន្ទាយមានជ័យ តាមរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព សាលារៀន និងទីវត្តអារាម ក៏បានធ្វើនូវពិធីវាយគង វាយជួង ទូងស្គរ គោះត្រដោក យ៉ាងផុសផុល ដើម្បីចូលរួមសម្តែងការគាំទ្រចំពោះ ការបើកការដ្ឋានសាងសង់ព្រែកហ្វូណានតេជោ នេះផងដែរ ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវទឹកទន្លេមេគង្គ ទៅផ្លូវទឹកសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក  ព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤មាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ រាប់ពាន់ឆ្នាំ ។

សូមបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែងត្រង់ ទៅសមុទ្រ ព្រមទាំងបង្កើន វិសាលភាព នៃប្រព័ន្ធ ស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីក បង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ៕

CATEGORIES
Share This