ចៅអធិការវត្តភ្នំកន្ធាយ ត្រូវបានចាប់ផ្សឹក និងបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារ ពីបទ រំលោភសេពសន្ថវៈលើអនីតិជន អាយុ៩ឆ្នាំ

ព្រះវិហារ ៖ បុគ្គលជាសង្ឃព្រះនាម ទឹម ហ៊ុន ចៅអធិការវត្តភ្នំកន្ធាយ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានចាប់ផ្សឹក និងត្រូវបានចៅក្រមសាលាដំបូង ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីវ័យ៩ឆ្នាំ។

តាមអាណាព្យាបាលក្មេងរងគ្រោះ បានអោយឲ្យដឹងថា ក្រោយដឹងពីការចាប់រំលោភកូនស្រីគាត់ ពីសំណាក់ព្រះចៅអធិការវត្តភ្នំកន្ធាយ ពួកគាត់ក៏បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណង ចំនួន២០លានរៀល ក៏ដូចជាស្នើឱ្យ សមត្ថកិច្ចចាត់ការទៅលើជនសង្ស័យ ខាងលើទៅតាមផ្លូវច្បាប់។

ជាមួយនឹងការសម្រេចរបស់តុលាការ ផពួកគាត់បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ស្ថាប័នតុលាការខេត្តព្រះវិហារ ដែលបានជួយរកភាពយុត្តិធម៌ ដល់កូនស្រី របស់គាត់។ គ្រួសាររងគ្រោះបន្ថែមថា រហូតមកដល់ពេលនេះ កុមារីដែល អាណាព្យាបាលពួកគេអះអាងថា ត្រូវបានចៅអធិការរំលោភនោះ កំពុងស្ថិតក្នុងសភាពស្លេកស្លាំងនៅឡើយ ហើយក៏មិនបានបញ្ជូនកូនឲ្យចូលរៀននៅឡើយទេ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីតុលាការខេត្តព្រះវិហារ នៅ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអោយអ្នកព័ត៌មានដឹងថា ករណីបណ្តឹងរំលោភសេពសន្ថវៈខាងលើ ក្មេងស្រីរងគ្រោះ គឺ ខាងចៅក្រមនៃសាលាដំបូងខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ និងបានឲ្យមន្ត្រីជំនាញចាប់ផ្សឹក និងសម្រេចឃុំខ្លួនព្រះ តេជគុណទឹម ហ៊ុន ចៅអធិការវត្តភ្នំ កន្ធាយ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ ចំណែកពុទ្ធបរិស័ទ ចំណុះជើងវត្តនិង គណៈកម្មាការវត្ត ក៏បានលើកឡើងថាបន្ទាប់ពីទទួលព័ត៌មានថា ឃុំខ្លួនអតីត ចៅអធិករវត្តភ្នំកន្ធាយ រួចមកពួកគាត់ នឹងរៀបចំវត្តឡើងវិញ ៕

CATEGORIES
Share This