ឯកឧត្ដម ​ ហ៊ុន ម៉ា​ណែ​ត ​​បាន​រំលឹក​ដល់​កងទ័ព​​ឲ្យ​អនុវត្តន៍​បាន​ត្រឹមត្រូវ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ ​និង​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុ​ជា

48

ភ្នំពេញ ៖ ឯកឧត្ដម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក ​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​ប្រកាន់​យក​ការសម្រេចចិត្ត​ច្បាស់លាស់ ​និង​ប្រុងប្រយ័ត្ន ​ជាមួយ​នឹង​ការ​គិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​កងទ័ព​ ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុ​ជា ដើម្បី​សម្រេច​បាន​សមិទ្ធផល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត​ជូន​ជាតិ​ ប្រជាជន និង​មាតុភូមិ​នោះ​។

ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ​​បាន​ធ្វើឡើង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ ​និង​ទិសដៅ​ការងារ​យោធា​សន្តិសុខ​២០២១​ របស់​កងទ័ពជើងគោក រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ២០ ខែមករា​ ម្សិលមិញនេះ ។

ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ពុះពារ​ជម្នះ​នូវ​រាល់​ឧបសគ្គ ​ខិតខំ​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល​គួរ​ឱ្យកត់សម្គាល់​ជាច្រើន ដោយ​បាន​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ក្នុងនោះ កម្លាំង​បាន​ពង្រឹង​ខឿន​ការពារជាតិ​ ម្ចាស់ការ​ក្នុង​ការ​បំពេញភារកិច្ច​ស្នូល​របស់ខ្លួន​មាន​ដូចជា ​ការងារ​ការពារ​ព្រំដែន ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ បំប៉ន​មុខជំនាញ ការចូលរួម​លើ​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​ជាតិ​ ព្រមទាំង​ចូលរួម​សហការ​ការពា​រ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ​និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​គ្រោះ​មហន្តរាយ​ផ្សេងៗ ធានា​ថែរក្សា​បាន​នូវ​សន្តិភាព​ ស្ថិរភាព​នយោបាយ សន្តិសុខ​ សុវត្ថិភាព និង​ការ​អភិវឌ្ឍ​ជាដើម​។

ឯកឧត្តម​ បញ្ជាក់ទៀតថា ​សមិទ្ធផល​ទាំងនេះ​បាន​កើតឡើង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី រួមជាមួយ​នឹង​ឥស្សរជន​របស់​ជាតិ​ជាច្រើនរូប​ទៀត​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជា​ការចូលរួម​អនុវត្ត​តួនាទី​ភារកិច្ច របស់​មេបញ្ជាការ មេ​បញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ ​នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ទាំងអស់ ហើយក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការឧបត្ថម្ភ​គាំទ្រ​របស់​ស្ថាប័នរដ្ឋ និង​អង្គភាព​សម្ព័ន្ធ​មេត្រីភាព​ ជាពិសេស​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​តែម្តង​។

​ជាមួយគ្នា​នោះដែរ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​ក៏បាន​អំពាវនាវ​ដល់​កងទ័ព​ជើងគោក​ទាំងអស់ សូម​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ភារកិច្ច​របស់​ខ្លួន​​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រកបដោយ​វិជ្ជាជីវៈ​ជា​កងទ័ព ដើម្បី​បូរណភាព​ទឹកដី ​សុខសន្តិភាព​ និង​ការអភិវឌ្ឍន​ជូន​ប្រទេសជាតិ និង​ប្រជាជន​ឲ្យ​កាន់តែ​រីកចំរើន​បន្ថែមទៀត​ផងដែ​រ​៕

ចំណែក