សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្អូនប្រុសម្នាក់ក្រៅពីរកត្រី គាត់​ចេះប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បង្ហាញវីដេអូចុះសួរសុខទុក្ខពលរដ្ឋម្នាក់កំពុងបង់សំណាញ់តាមបណ្ដោយផ្លូវជាប់ព្រំដែន ខណៈការងារនេះ ជាសកម្មភាពពិពិធកម្មសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការចុះសួរសុខទុក្ខពលរដ្ឋម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន កំឡុងពេលសម្ដេចអញ្ជើញចុះទៅពិនិត្យការស្ថាបនាផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា សម្ដេចបានចុះសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីតាមបណ្ដោយផ្លូវជាប់ព្រំដែននោះថា គាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី?។ ចម្លើយនោះគឺ គាត់មានចម្ការកៅស៊ូទំហំ ១ហិកតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិកតាទៀតដាំស្វាយចន្ទី។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែនដែលរាជរដ្ឋាភិបាលបានធ្វើ ថាគាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី? គាត់ថាគាត់មានចម្ការកៅស៊ូទំហំ១ហិចតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ៣ឆ្នាំហើយ) និង១ហិចតាទៀតដាំស្វាយចន្ទី។ ឆ្នាំនេះកៅស៊ូបានឡើងថ្លៃល្អហើយគាត់សប្បាយចិត្ត។ ប្អូនប្រុសម្នាក់នេះគាត់ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និងស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។ ប៉ុន្តែឆ្នាំនេះ និងឆ្នាំកន្លងទៅ ទាំងកៅស៊ូ និងស្វាយចន្ទីបានតម្លៃល្អ ដែលកាន់តែល្អសម្រាប់គាត់»៕

CATEGORIES
Share This