ឯកឧត្តម សុខ លូ ខេត្តបាត់ដំបងក្រោមការដឹកនាំជ្រោមជ្រែងផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង គឺមានការរីកចម្រើនច្រើន

ខេត្តបាត់ដំបង! ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថាខេត្តបាត់ដំបងក្រោមការដឹកនាំជ្រោមជ្រែងផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង គឺមានការរីកចម្រើនច្រើន ទាំងសាលារៀន  មន្ទីរពេទ្យ វត្តអារាម និងផ្លូវថ្នល់ ហើយបើតាមការវាយតម្លៃរបស់អង្គការអន្តរជាតិពិភពលោក បើខ្មែរយើងរក្សាសុខសន្តិភាពបែបនេះបាន នៅឆ្នាំ២០៣០ខ្មែរយើងនិងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ខ្មែរយើងនិងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ជាប្រទេសជឿនលឿន ប៉ុន្តែបើយើងមិនរក្សាសន្តិភាពបានទេគឺមិនអាចមានពេលកសាងប្រទេសបាននោះទេ។

 ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូចំនួន០២ខ្សែគឺផ្លូវលេខ ៥១៧ និងផ្លូវលេខ ៥២០ ដែលមានប្រវែងសរុប ៤,១៦០ម៉ែត្រ និងទទឹង០៨ម៉ែត្រ នៅក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ស្វាយប៉ោ , សង្កាត់ចំការសំរោង , សង្កាត់ស្លាកែត និងសង្កាត់ក្ដុលដូនទាវ ស្ថិតក្នុងក្រុងបាត់ដំបង ។

ឯកឧត្តមបានលើកឡើងទៀតថា ការសាងសង់ផ្លូវនាពេលនេះគឺជាតម្រូវការរបស់បងប្អូន ហើយក្នុងនាមរដ្ឋបាលខេត្ត និងអាជ្ញាធរឃុំសង្កាត់ទាំងអស់បើសិនជាបងប្អូនមានបញ្ហាអ្វីសូមសំណូមពរមកពួកគាត់និងចុះជួយមិនទុកបងប្អូនចោលទេ ប៉ុន្តែការដោះស្រាយជាបន្តបន្ទាប់មិនអាចដោះស្រាយទាំងអស់តែម្តងបាននោះទេ ហើយបញ្ចប់ការបោះឆ្នោតថ្ងៃទី០៥ខាងមុខនេះយើងនិងបន្តការអភិវឌ្ឍន៍បន្តបន្ទាប់បន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការបោះឆ្នោតនេះ ឯកឧត្តមប្តេជ្ញានិងចុះពិនិត្យនៅតាមឃុំសង្កាត់ទាំង ១០៣ ក្នុងខេត្តបាត់ដំបងដើម្បីធ្វើយ៉ាងម៉េចអោយពួកគាត់ខិតខំបម្រើប្រជាពលរដ្ឋអោយបានពិតប្រាកដ និងអភិវឌ្ឍន៍ខេត្តរបស់ ឃុំសង្កាត់របស់យើងអោយរីកចំរើន ព្រោះពួកគាត់ជាតំណាង សមាជិក សមាជិកា របស់គណបក្សប្រជាជនដែលឈរឈ្មោះបោះឆ្នោត ហើយបើពួកគាត់ឈ្នះឆ្នោត គោលនយោបាយរបស់គណបក្សនិងបន្តអភិវឌ្ឍន៍ឃុំសង្កាត់បន្តទៀត ហើយបងប្អូនត្រូវមើលឃើញពីអ្វីដែលគណបក្សប្រជាជនខំធ្វើ។

CATEGORIES
Share This